ពិត​ជាសាហាវហួសថ្លែង! បុរសម្នាក់ អារ​ ក​ សម្លាប់ក្មួយចិញ្ចឹមខ្លួនឯង​ ដែលទើបតែមានអាយុ​១១ខែ​ និង​​ដេញ​កាប់​​សមត្ថកិច្ច​ ពេលចាប់បាន និយាយថា ​«មក​ពី​ខឹង​ជ្រុល​»

កំពង់ចាម ៖​ នេះជាទង្វើដ៏សាហាវ ហួសថ្លែង ដោយ​បុរស​ម្នាក់​ បានចាប់ក្មួយចិញ្ចឹម ដែលទើបតែមានអាយុ ​១១ខែ​ ប៉ុណ្ណោះ អារ ក សម្លាប់ ពេលសមត្ថកិច្ចចុះទៅចាប់ ដេញ​កាប់ទាំង​​សមត្ថកិច្ច​ទៀត​ ដល់ពេលចាប់ខ្លួនបាន គេ​​ឆ្លើយ​សារភាព​យ៉ាង​ខ្លី​​ថា​ «មកពី​ខឹង​ជ្រុល​​»។​

ហេតុការណ៍អារ ក សម្លាប់ក្មួយចិញ្ចឹមនេះ ​កើត​​ឡើង​កាល​ពី​​ព្រលប់​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ នៅចំណុចវាលស្រែ កំពួយប្រណាំង ស្ថិតក្នុង​ភូមិទួលរកា ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ជនសង្ស័យមានឈ្មោះ ស្រ៊ីន បូនិន ហៅប៉ូច អាយុ៣៤ឆ្នាំ​ ​បាន​យក​កាំបិត​អារ​ ក​ សម្លាប់​​ក្មេង​ប្រុសរងគ្រោះ​ឈ្មោះ​ ប៊ុនថុន សុខចំរើន អាយុ១១ខែ (ត្រូវជាកូន​របស់​បង​ជន​សង្ស័យ​​សុំគេយកមក​ចិញ្ចឹម) អ្នក​ទាំង​ពីរ​មានទីលំនៅ​ក្នុង​ភូមិទួលរកា ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

កម្លាំងសមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម កម្លាំងប្រជាការពារ សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌខេត្ត បានចាត់វិធានការជាបន្ទាន់ចុះដល់កន្លែងកើតហេតុ ដើម្បី​ធ្វើការស្រាវជ្រាវរុករកជនសង្ស័យ រហូតដល់វេលាម៉ោង២១និង៣០នាទី សមត្ថកិច្ចបានរកឃើញជនសង្ស័យខាងលើ ដោយគ្រាន់តែឃើញសមត្ថកិច្ចភ្លាម ស្រាប់តែជនសង្ស័យខាងលើបានទាញកាំបិតខ្វែវ​ ​ដេញកាប់​សមត្ថកិច្ច​ បណ្តាលឲ្យត្រូវ​ចំខ្នងកម្លាំងប្រជាការពារម្នាក់​ ហើយ​ក៏​ត្រូវ​កម្លាំង​ជំនាញ​ចាប់​ខ្លួន​បាន​​សម្រេច​។

ក្រោយ​ពី​ចាប់​ខ្លួន​ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​យ៉ាង​ខ្លី​ថា​ «មក​ពី​​ខឹង​ជ្រុល»​ ទើប​ធ្វើ​ដូច្នោះ​។ ជនសង្ស័យ​ត្រូវ​បាន​បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីធ្វើការសួរនាំ​ និង​​កសាង​សំណុំរឿងតាមនីតិវិធី​ច្បាប់​៕  

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២