សហរដ្ឋអាមេរិករំពឹងថានឹងចាប់ផ្តើមចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅដើមខែធ្នូខាងមុខនេះ

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកសង្ឃឹមថានឹងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅដើមខែធ្នូនេះ ខណៈដែលករណីឆ្លងនិងស្លាប់ជាច្រើនបានកើនឡើងនៅទូទាំងប្រទេសដែលនាំឲ្យសហរដ្ឋអាមេរិកកា្លយជាប្រទេសដែលរងគ្រោះខ្លាំងជាងគេបំផុតនៅលើពិភពលោក។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN ថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក Moncef Slaoui ទីប្រឹក្សាអង្គភាព (FDA) បានប្រាប់ CNN ថា“ ផែនការរបស់យើងគឺអាចបញ្ជូនវ៉ាក់សាំងទៅកន្លែងចាក់ថ្នាំបង្ការក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ពីមានការយល់ព្រម” ដោយរដ្ឋបាលចំណីអាហារ និងឪសថអាមេរិក(FDA) កាលបរិច្ឆេទដែលអាចកើតមានគឺនៅថ្ងៃទី១១ ដល់១២ ខែធ្នូខាងមុខនេះ។ លោក Moncef Slaoui បានរាយការណ៍ថានឹងជួបគ្នានៅថ្ងៃទី ១០ ធ្នូដើម្បីពិភាក្សាអំពីការអនុម័តការចាក់វ៉ាក់សាំងដែលក្រុមហ៊ុនឱសថ Pfizer និងModerna អះអាងថាយ៉ាងហោចណាស់វ៉ាក់សាំងថ្មីនេះ មានប្រសិទ្ធិភាព៩៥ភាគរយ។ លោក Moncef Slaoui បានប៉ាន់ស្មានថាប្រជាជន ២០ លាននាក់នៅទូទាំងសហរដ្ឋអាមេរិកអាចត្រូវបានចាក់វ៉ាក់សាំងនៅខែធ្នូ នឹងប្រមាណ ៣០ លាននាក់ក្នុងមួយខែជាបន្តបន្ទាប់។

គួរជម្រាបថា ការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ១៩ អាចជារបត់ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះដែលបានឆក់យកជីវិតមនុស្សជាង ២៥៥.០០០ នាក់នៅសហរដ្ឋអាមេរិកដែលជាចំនួនអ្នកស្លាប់ខ្ពស់បំផុតនៅលើពិភពលោកចាប់តាំងពីការលេចចេញពីប្រទេសចិនកាលពីចុងឆ្នាំមុន។ ក្នុងឆ្នាំនេះ នៅទូទាំងពិភពលោកមនុស្សជិត១,៤ លាននាក់បានស្លាប់ដោយសារកូវីដ១៩ ហើយយ៉ាងហោចណាស់មនុស្សប្រមាណ ៥៨លាននាក់បានឆ្លងជំងឺនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២