បន្តិចទៀត នៅរាជធានីភ្នំពេញមានតំបន់ pop street ដែរហើយ ​ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចចូលទិញទំនិញ និងទៅកម្សាន្តសប្បាយ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង១១យប់

រដ្ឋបាលរាជធានីភ្នំពេញមានគម្រោងរៀបចំ និងស្ថាបនាផ្លូវថ្មើរជើងដ៏ស្រស់ស្អាត និងមានសោភ័ណភាពដែលមានផ្ទៃដីទំហំ៥៧ហិកតានឹងក្លាយទៅជាតំបន់តំបន់ pop streetផងដែរ នៅមុខប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជា ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។គម្រោងស្ថាបនាផ្លូវថ្មើរជើងនេះត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំមួយ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ផ្លូវថ្មើរជើងរាជធានីភ្នំពេញ ត្រូវបានបែងចែងជា៣តំបន់ មានទំហំ៥៧ហិកតា ដោយផ្លូវថ្មើរជើងតំបន់ទី១ មានទីតាំងនៅមុខប្រៃសណីយ៍ មាន ព្រំប្រទល់ខាងជើង៖ ផ្លូវលេខ៩៤-ខាងត្បូង៖ ផ្លូវលេខ១០៦-ខាងលិច៖ ផ្លូវលេខ១៣-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ (តំបន់នេះនឹងរៀបចំឡើងជាតំបន់វិថីម្ហូបអាហារ និងហាងទំនិញ)។

ផ្លូវថ្មើរជើងតំបន់ទី២ មានទំហំមានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ ១០៦-ខាងត្បូង៖ ផ្លូវលេខ ១៨៤-ខាងលិច៖ ផ្លូវលេខ១៣-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ(តំបន់នេះរៀបចំជាតំបន់ pop street)។ផ្លូវថ្មើជើងតំបន់ទី៣ មានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ ១៨៤-ខាងត្បូង៖ មហាវិថីព្រះសីហនុខាងលិច៖ ផ្លូវលេខ០៧-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ(រៀបចំជាតំបន់ លំហែកាយ)។

លោកសាំ ពិសិដ្ឋ បានបញ្ជាក់ថា តំបន់ទាំង៣នេះរដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំឡើងឱ្យមានសោភ័ណភាពស្រស់បំព្រង ជាតំបន់បៃតង មានសួនច្បារ តាំងភ្លើងចម្រុះពណ៌ មានបង្គន់អនាម័យ ចំណតយានយន្តបណ្តោះអាសន្ន មានហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និងជាកន្លែង pop streetផងដែរ។ តំបន់នេះក្រោយការរៀបចំរួចនឹងបើកឱ្យភ្ញៀវជាតិ អន្តរជាតិចូលទិញទំនិញ និងកំសាន្តសប្បាយ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានលើកឡើងថា៖ គម្រោងនេះយើងបានសិក្សារួចអស់ហើយ ដូច្នេះលោកជម្រុញឱ្យ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញចាប់ផ្តើមអនុវត្តការងាររៀបចំគម្រោងនេះ ចាប់ពីពេលនេះតទៅ ដោយប្រើប្រាស់ពេលវេលា៦ខែ ពោលគឺឱ្យរួចរាល់ នៅមុនចូលឆ្នាំសកលឆ្នាំ២០២៥ ដើម្បីឱ្យតំបន់នេះ ក្លាយជាតំបន់ មានហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និងជាកន្លែង pop streetផងដែរ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២