ក្រោយបញ្ចប់ការប្រកួតនៅខណ្ឌកំបូលយប់មិញ លោកអេ ភូថង បានបញ្ចេញអារម្មណ៍បែបនេះ ….ពេលកូនសិស្សរបស់លោកប្រកួតឈ្នះ ទទួលបានពានរង្វាន់ទាំងអស់គ្នា

ភ្នំពេញ៖ ក្រោយពីបញ្ចប់ការប្រកួតនៅទឹកដីខណ្ឌកំបូលយប់មិញនេះ អ្នកលេងកែងឆេះជង្គង់ហោះអតីតអ្នកប្រដាល់ល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជាលោកអេ ភូថង បានបញ្ចេញនូវអារម្មណ៍ដ៏ភ្ញាក់ផ្អើល និងរំភើប ក្រោយពេលកូនសិស្ស និងកូនៗរបស់ខ្លួន ធ្វើបានល្អ ប៉ុន្តែទទួលរងរបួសច្រើន។

គួរជម្រាបផងដែរថា ក្រោយពីបញ្ចប់ការប្រកួតរួចរាល់ ដោយកូនសិស្សរបស់ខ្លួនចំនួន 3 រូបទទួលបានពានរង្វាន់ពីកម្មវិធីធំ GANZBERG រាជសីហ៍គុនខ្មែរ ដោយក្នុងនោះរូមមាន៖អ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា , រាជនីគុនខ្មែរអេ យ៉ានុត , អ្នកលេងកែងឆេះជង្គង់ហោះវ័យក្មេងម៉ឺន មេឃា ។

លាយឡំជាមួយនឹងអារម្មណ៍រំភើបផង និងអរផងនោះ លោកអេ ភូថងបានរៀបរាប់យ៉ាងដូច្នេះថា ” ការប្រកួតកាលពីយប់ម៉ិញនេះ ពួកគាត់ពិតជាធ្វើបានល្អណាស់ តែក៏សោកស្ដាយត្រូវមានពីរនាក់សម្រាកមួយរយៈ ជីវិតកីឡាករគឺអញ្ចឹងឯង កូនៗត្រូវប្រឈមគ្រប់បញ្ហានៅលើសង្វៀនស៊ូៗបន្ថែមទៀតកូនៗ។នៅក្នុងព្រឹត្តិការណ៍ប្រកួតកាលពីយប់ម៉ិញនេះ ម៉ឺន មេឃា ស្រាំ ឆ្អឹងដៃ , អេ យ៉ានុត បាក់ខ្ទង់ច្រមុះ “។

គួរបញ្ជាក់ផងដែរថា អ្នកលេងពូថៅដៃ ធឿន ធារ៉ា បានយកឈ្នះទៅលើកីឡាករចិន ខៃ ហ្សេបពីង ក្នុងការប្រកួតលក្ខណៈ Kick Boxing លើកដំបូងក្នុងអាជីពរបស់គេ ប៉ុន្តែនៅតែធ្វើបានល្អ ដោយប្រើជង្គង់ហោះពីចម្ងាយផ្ដាច់កីឡាករចិនធ្វើឲ្យអាជ្ញាកណ្ដាលបញ្ឈប់ត្រឹមទឹកទី២ ដោយទទួលបានពានរង្វាន់មួយ។ ចំណែកឯ ម៉ឺន មេឃា បានយកឈ្នះពិន្ទុទៅលើកីឡាករចិន ប៉ាន់ សៅវ៉ៃ ក្នុងការប្រកួតលក្ខណៈឃីកបុកស៊ីង បញ្ចប់៣ទឹកដូចគ្នាយ៉ាងស្វិតស្វាញបំផុត ដោយរូបគេបានប្រកួតឈ្នះកីឡាករចិន និងទទួលបានពានរង្វាន់មួយ ។ រីឯរាជនីគុនខ្មែរអេយ៉ានុត សងសឹកបានសម្រេចទៅលើកីឡាការិនីចិនក្វាង វៃ ក្នុងការប្រកួតលក្ខណៈឃីកបុកស៊ីង ដោយពិន្ទុ ក្នុងការប្រកួតយ៉ាងតានតឹងទទួលបានពានរង្វាន់មួយដូចគ្នា ប៉ុន្តែកីឡាការិនីរូបនេះរងរបួសបាក់ខ្ទង់ច្រមុះ ៕

  

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២