សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ាន និងចំណាត់ថ្នាក់ទី១៧ លើសកលលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិ (Eco-Tourism) ស្អាតបំផុត យោងតាមរបាយការណ៍វាយតម្លៃ កម្រិតសកលចុងក្រោយរបស់ស្ថាប័នស្រាវជ្រាវ និងទស្សនាវដ្តីដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក US News & World Report។


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងចាត់ទុកថា ភាពជោគជ័យជាប្រវត្តិសាស្ត្រនេះ គឺជាមោទកភាពសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប និងប្រទេសជាតិទាំងមូល នៅលើឆាកអន្តរជាតិ ជាថ្មីបន្ថែមទៀត បន្ទាប់ពីកម្ពុជា ត្រូវបានចាត់ថ្នាក់ ជាប្រទេសដែលមាន «បរិស្ថានធម្មជាតិល្អបំផុត» និងមាន «និរន្តរភាពដីធ្លី និងធនធានធម្មជាតិ» ឈរនៅលេខរៀងទី១ លើពិភពលោក និងក្នុងតំបន់អាស៊ីអាគ្នេយ៍សម្រាប់ ឆ្នាំ២០២៦ យោងតាមរបាយការណ៍ស្ទង់មតិ និងចំណាត់ថ្នាក់សកល (Best Countries Rankings) របស់ស្ថាប័ន US News & World Report។



ឯកឧត្តមបានបន្ថែមថា ជោគជ័យថ្មីបន្ថែមទៀតនេះ បានឆ្លុះបញ្ជាំងដ៏ធំធេង សមិទ្ធផលដ៏ត្រចះត្រចង់ កើតចេញពីមរតកនៃការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំកសាងខឿនសន្តិភាព ស្ថិរភាពនយោបាយ និងការអភិរក្សធនធានធម្មជាតិរហូតមក។
ជាមួយគ្នានេះ ភាពជោគជ័យនេះក៏បានឆ្លុះបញ្ចាំង ពីការបន្តដឹកនាំប្រកបដោយថាមពល ភាពម៉ឺងម៉ាត់ និងទស្សនវិស័យវែងឆ្ងាយនាពេលបច្ចុប្បន្នរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញគោលនយោបាយ សេដ្ឋកិច្ចបៃតង ការពារបរិស្ថាន អភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍជីវភាពសហគមន៍ តាមរយៈជំរុញ ការអភិវឌ្ឍគោលដៅលម្ហែបៃតង លើកកម្ពស់ប្រជាពលរដ្ឋ និងធានាចីរភាពបរិស្ថាននៅតាមតំបន់ការពារធម្មជាតិ៕


