ភ្នំពេញ ៖ សូមបង្កើបការប្រុងប្រយ័ត្ន អោយបានខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលប្រើធុងហ្គាស ដោយ បុរសជាកម្មករសំណង់ម្នាក់ ឆេះរួញ ខ្លោចស្លាប់ ក្នុងអណ្តាតភ្លើង យ៉ាងអាណោចអាធម្ម និងបុរសម្នាក់ទៀត រងរបួស រលាកពេញខ្លួន ត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យ ក្រោយពីពួកគាត់ ចេញពីធ្វើការសំណង់ ហើយនាំគ្នាស្ងោមាន់ហូបបាយ នៅក្នុងបន្ទប់ជួល។
ហេតុការណ៍ ឆេះស្លាប់ដ៏គួរអោយសង្វែគនេះ កើតឡើងនៅម៉ោងជាង៧យប់ថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ ២០២០ នៅចំណុចបន្ទប់ជួល លេខ៣៣ ភូមិផ្សារទឹកថ្លាសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ ឈ្មោះ ព្រេង ខា អាយុ ២១ឆ្នាំ មុខរបរជាងបុកគ្រឹះ បានស្លាប់ក្នុងអណ្តាតភ្លើង និង ឈ្មោះ ព្រេង ឃីង អាយុ ២១ឆ្នាំ មុខរបរជាងបុកគ្រឹះ រងរបួសស្រាល បុរសទាំងពីរនាក់ជាបងប្អូនបង្កើត (ភ្លោះ) មានស្រុកកំណើត ភូមិប្រាំយ៉ាង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងមានប្រពន្ធកំពុងមានផ្ទៃពោះ ៧ខែផង។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបងប្អូនកូនភ្លោះ២ នាក់រួមទាំងក្មួយជីដូនមួយម្នាក់ទៀតស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើហើយបាននាំគ្នាបើកហ្គាស ស្ងោរមាន់ ធ្វើម្ហូប មិនទាន់នឹងបានហូបផងស្រាប់តែផ្ទុះធុងហ្គាសប្រភេទធុងតូច បណ្ដាលឲ្យឆាបឆេះផ្សែងខ្មួលខ្មាញ់ចេញពីបន្ទប់ជួល បន្ទាប់មកគេឃើញបុរសជាប្អូននឹងក្មួយជីដូនមួយបានរត់ចេញមកក្រៅ និងស្រែកឲ្យជួយ ចំណែកបងមិនបានចេញមកក្រៅទេដោយនៅស្តាយម៉ូតូមួយគ្រឿង បម្រុងយកចេញ ខណៈនោះប្អូនមិនឃើញបងចេញមកក្រៅក៏ចូលទៅជួយ បន្ទាប់មកបងបានចេញមកក្រៅ ចំណែកប្អូនត្រូវបានភ្លើងឆាបឆេះខ្លោចស្លាប់នៅក្បែរម៉ូតូ យ៉ាងអាណោចអាធម្ម។
ក្រោយមកក៏ផ្អើលដល់ប្អូនប្រជាពលរដ្ឋ នាំគ្នារាយការណ៍ទៅសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿងចុះមកជួយអន្តរាគមន៍ ខណៈដែលមកដល់អគ្គីភ័យត្រូវបានរលត់ទៅវិញ។
ដោយក្តីអាណិតអាសូរ លោក ម៉ូវ មានិត អភិបាលខណ្ឌសែនសុខ បានចូលរួមបច្ច័យ ៣០០ដុល្លារ ដើម្បីចាត់ចែងដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី ឯខេត្តកំពង់ចាម៕


