បង្រ្កាបក្រុមជួញដូរគ្រឿងញៀន នៅតំបន់មិនរៀបរយស្មុគស្មាញ ចំណុចក្តាន់ពីរ ឃាត់ខ្លួន៨នាក់ ដកហូតគ្រឿងញៀន២០៩កញ្ចប់

ភ្នំពេញ ៖ សង្ស័យ០៨នាក់ រួមជាមួយវត្ថុតាងគ្រឿងញៀន២០៩កញ្ចប់ ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញសហការជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ បានចេញប្រតិបត្តិការបង្រ្កាប ជាបន្តបន្ទាប់រយៈពេល០២ថ្ងៃជាប់គ្នាគឺថ្ងៃទី២៣ និង២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតំបន់មិនរៀបរយស្មុគស្មាញ ដោយគ្រឿងញៀន ចំណុចក្តាន់ពីរ ផ្លូវរថភ្លើង ភូមិ៣សង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ។

ការបង្រ្កាបនោះសមត្ថកិច្ចចាប់យកនូវវត្ថុតាងរួមមានៈគ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន២០៩កញ្ចប់តូចធំស្មើនិងទម្ងន់ ៦៤.៤២ក្រាម ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន០១គ្រឿង ដាវកែច្នៃ០១ដើម។ ជនសង្ស័យគ្រឿងញៀនទាំង០៨នាក់ និងវត្ថុតាងគ្រឿងញៀនត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។

ការបង្រ្កាបករណីជួញដូរគ្រឿងញៀននៅខណ្ឌដូនពេញអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេតអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានដាក់ចេញនូវបទបញ្ជានិងវិធានការម៉ឺងម៉ាត់ ដើម្បីបង្ការទប់ស្កាត់បញ្ហាបទល្មើសគ្រឿងញៀន នៅក្នុងរាជធានីភ្នំពេញទាំងសកម្មភាពបទល្មើសគ្រឿងញៀនទ្រង់ទា្រយតូចនិងទ្រង់ទ្រាយធំ ឱ្យមានប្រសិទ្ធភាព ដើម្បីពង្រឹងសន្តិសុខ នាំមកនូវសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ទន្ទឹមដែរ រដ្ឋាភិបាលកម្ពុជាបានដាក់បញ្ជាការបង្កើនសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន គ្រាដែលចរាចរណ៍ គ្រឿង ញៀនបាននិងកំពុងកើនឡើងឥតឈប់ឈរ។ ការដាក់បញ្ជានេះ បានធ្វើឡើងតាមរយៈសារាចរណែនាំមួយចុះហត្ថលេខាដោយសម្តេចតេជោហ៊ុនសែន កាលពីថ្ងៃទី១៦វិច្ឆិកាកន្លងទៅថ្មីៗនេះ។ ទិសដៅរារាំងទប់ស្កាត់ចំនួន៧ចំណុចក្នុងនោះរួមមានការបង្កើនសកម្មភាព កាន់តែផុសផុល ដើម្បីអនុវត្តផែនការយុទ្ធនាការប្រឆាំង, ការលើកកម្ពស់ស្មារតី ផ្សព្វ ផ្សាយអប់រំឱ្យបានទូលំទូលាយ ស៊ីជម្រៅចំគោលដៅ និងមុខសញ្ញាគ្រប់ទីកន្លែង, ដោយត្រូវអនុវត្តទិស ស្លោក «បីកុំ មួយរាយការណ៍» ដែលមានន័យថា កុំពាក់ព័ន្ធ, កុំអន្តរាគមន៍, កុំលើកលែង និងមួយរាយការណ៍ គឺត្រូវ រាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច គ្រប់ករណីបទល្មើសគ្រឿងញៀន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២