វីរបុរសបាល់ទាត់អាហ្សង់ទីន កីឡាករ Diego Maradona ស្លាប់ដោយសារគាំងបេះដូង

អាហ្សង់ទីន៖ នៅថ្ងៃព្រហស្បតិ៍ទី ២៦ ខែវិច្ឆិកានេះ មានសារព័ត៌មានបរទេសល្បីៗ ជុំវិញពិភពលោកជាច្រើនចេញផ្សាយថា វីរបុរសបាល់ទាត់អាហ្សង់ទីន កីឡាករ Diego Maradona បានបាត់បង់ជីវិតហើយដោយសារគាំងបេះដូង នៅអាយុ៦០ឆ្នាំ។

កីឡាករ Diego Maradona មានអាយុ ៦០ ឆ្នាំ ត្រូវបានគេចាត់ទុកថាជាកីឡាករបាល់ទាត់ដ៏ឆ្នើមម្នាក់ក្នុងវិស័យបាល់ទាត់ បានបាត់បង់ជីវិតកាលពីថ្ងៃពុធម្សិលមិញ នៅឯផ្ទះរបស់គាត់នៅជាយក្រុង Buenos Airesក្នុងប្រទេសអាហ្សង់ទីនដោយសារតែគាំងបេះដូង ។

សូមជម្រាបថា អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីន រូបនេះ ក៏ធ្លាប់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផងដែរ កាលពីខែមករាឆ្នាំ ២០១៩ ដោយសារមានបញ្ហាឈាមហូរក្នុងពោះខុសប្រក្រតី នឹងនៅអំឡុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៨ នៅរុស្ស៊ី នៅពេលអបអរជ័យជម្នះអាហ្សង់ទីន ដែលយកឈ្នះនីហ្សេរីយ៉ា ២ទល់១ Maradona ក៏ធ្លាក់ខ្លួនឈឺម្តងដែរ។

គួររំលឹកផងដែរថា កីឡាករ Diego Maradona ធ្លាប់បានចូលលេងក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ៤សម័យកាល គឺក្នុងឆ្នាំ១៩៨២, ១៩៨៦, ១៩៩០ និងឆ្នាំ១៩៩៤ ក្នុងនោះធ្លាប់ឈ្នះ World Cup ១ដងដែរក្នុងឆ្នាំ១៩៨៦ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២