មៀន ប៉ៃលិន ជាដំណាំដែលកំពុងមានសក្តានុពលខ្លាំង ប៉ុន្តែការនាំចេញនៅមានកម្រិត

ភ្នំពេញ ៖ ដំណាំមៀន ប៉ៃលិន គឺជាដំណាំមួយដែលកំពុងមានសក្តានុពលខ្លាំង ក្នុងតម្រូវការទីផ្សារ អាចធ្វើអោយ សេដ្ឋកិច្ចក្នុងខេត្តប៉ៃលិន កាន់តែរីកចម្រើន ដោយបច្ចុប្បន្នកំណើន កសិផលមៀនប៉ៃលិន និងតម្រូវការ មានកាន់តែច្រើន ប៉ុន្តែក៏មានកត្តាមួយចំនួន ដែលជាឧបសគ្គ សម្រាប់ប្រជាកសិករ។

ស្ថិតក្នុងដំណើរទស្សនកិច្ច ដែលរៀបចំឡើងដោយអង្គការ Gret និងអ្នកសារព័ត៌មានថោន រួមជាមួយក្រុមអ្នកសារព័ត៌មានជាច្រើនស្ថាប័នទៀត បានចុះទៅកាន់ ទឹកដីខេត្តប៉ៃលិន ដើម្បីស្វែងយល់ពីសក្តានុពលនៃដំណាំមៀន ប៉ៃលិន វិធីសាស្រ្តនៃការដាំដុះ ការថែទាំ និងការនាំចេញ ដោយឆ្នាំនេះ តំលៃមៀនប៉ៃលិន មានទីផ្សារ ល្អ និងមានតម្លៃខ្ពស់ជាងមុន ក្នុង១គីឡូក្រាម បាន រហូតដល់៤០០០រៀល។ តម្លៃនេះ គឺហក់ខ្ពស់ជាងឆ្នាំមុន ដែលឆ្នាំកន្លងទៅបានត្រឹមតែ១គីឡូក្រាម២៥០០ រៀលទៅ៣០០០រៀលតែប៉ុណ្ណោះ។ ប៉ុន្តែការនាំចេញហាក់នៅមានកម្រិត ដោយទិន្នផលប្រមូលបាន ប្រមាណជាជាង២៥០០០តោន ធ្វើការនាំចេញបានតែ ៨០០០តោនប៉ុណ្ណោះ។

លោក សារ ចំរើន ទីប្រឹក្សាសហគមន៍មៀន ប៉ៃលិន ទួលបន្ទុកផ្នែកបច្ចេកទេស និងទីផ្សារ បានអោយដឹងថា បច្ចុប្បន្ន ទីផ្សារមៀនប៉ៃលិន គឺនាំទៅប្រទេសចិន តាមរយៈប្រទេសថៃប៉ុណ្ណោះ ដោយមិនទាន់អាចនាំចេញទៅប្រទេសចិនផ្ទាល់បាននៅឡើយទេ ហើយខាងសហគមន៍ សូមស្នើសុំ ដល់រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធជួយដោះស្រាយបញ្ហាទីផ្សារមៀនប៉ៃលិន រួមទាំងនិតិវិធីចុះបញ្ជីការមៀនប៉ៃលិន ឲ្យស្របតាមគោលការណ៍នៃការអនុវត្តន៍កសិកម្មល្អ និងនិតិវិធីស្នើសុំបញ្ជាក់គុណភាពមៀន។

លោក សារ ចំរើន បន្តថា បញ្ហាជួបដែលកសិករនិងសមាគមន៍ កំពុងជួបប្រទះ មាន៣ ៖ ទី១ គឺ ជួបការលំបាក ក្នុងការ នាំចេញ ផលិតផល មៀនប៉ៃលិន កម្ពុជាទៅកាន់ទីផ្សារបរទេស និងទី២ នីតិវិធី ក្នុងការចុះបញ្ជី ចម្ការ មៀន ឱ្យស្របតាមគោលការណ៍នៃការអនុវត្ត កសិកម្មល្អ និងបញ្ហាប្រឈម ចុងក្រោយ គឺនីតិវិធីស្នើសុំបញ្ជាក់គុណភាពISO។

ទីប្រឹក្សាបន្ថែមថា ដំណាំមៀនប៉ៃលិន គឺជាដំណាំដែលចំណាយដើមទុន តិចប៉ុន្តែអាចទទួលបាន ចំណូល ខ្ពស់ ជាងដំណាំដំឡូងនិងពោត ដូច្នេះប្រជាកសិករ គួរងាកមកដាំមៀនប៉ៃលិន បង្កើនសេដ្ឋកិច្ចគ្រួសារ អោយបានប្រសើរជាងមុន។

ទើបីជាយ៉ាងណាក៏ដោយ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដប៉ៃលិន បានសាទរចំពោះការលក់ មៀនប៉ៃលិនដែលមានទីផ្សារ និងតម្លៃបានខ្ពស់។ ខេត្ដប៉ៃលិន គឺជាខេត្តមួយដែល មានសក្ដានុពលលើដំណាំហូបផ្លែនេះ លោកប្រធានមន្ទីរ ក៏បានជំរុញឱ្យប្រជាពលរដ្ឋ និងសហគមន៍បង្កើនការដាំមៀនប៉ៃលិននេះឱ្យបានកាន់តែច្រើន ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារក្នុង ស្រុក និងក្រៅប្រទេស ខណៈដែលកម្ពុជានឹងមានកិច្ចព្រមព្រៀងនាំចេញមៀនប៉ៃលិនទៅកាន់ប្រទេសចិន នាពេលខាងមុខ។

លោក សួន ជុំ ជាប្រជាកសិករដាំដំណាំមៀនប៉ៃលិនគំរូ និងជាសមាជិកក្នុង សហគមន៍កសិកម្មមៀនប៉ៃលិន បានអោយដឹងដែរថា ដំណាមៀនប៉ៃលិន ជាប្រភេទដំណាំមួយ ដែលងាយស្រួលដាំ និងមិនពិបាកក្នុងការមើលថែ ប៉ុន្តែត្រូវការទឹកអោយបានគ្រប់គ្រាន់ ហើយដំណាំនេះ ជាដំណាំដែលយើងអាចកំណត់ពេល អោយវាចេញផ្កា ដើម្បីយកផ្លែ ពេលណាក៏បាន។

សូមបញ្ជាក់ផងដែរថា កម្មករនឹងមិនទៅធ្វើចំណាកស្រុកនៅពេលដែល ខេត្តប៉ៃលិន រីកលូតលាស់ខ្លាំង លើដំណាំមៀនប៉ៃលិន នឹងធ្វើអោយការងារក្នុងស្រុកសំបូរកាន់តែច្រើន ក្នុងរដូវកាល នៃការប្រមូលផល ព្រោះ១០ខែទៅហើយក្នុងរយៈពេលមួយឆ្នាំ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២