ក្រុមបាតុករថៃដើរក្បួនទៅកាន់បន្ទាយទាហាន ដើម្បីប្រឆាំងនឹងអំណាចយោធារបស់ព្រះមហាក្សត្យ

បាងកក៖ ក្រុមបាតុករថៃប្រឆាំងរដ្ឋាភិបាលថៃរាប់ពាន់នាក់បានដើរក្បួនទៅកាន់បន្ទាយទាហានមួយកាលពីថ្ងៃអាទិត្យនេះ ដើម្បីប្រឆាំងនឹងការគ្រប់គ្រងផ្ទាល់ខ្លួនរបស់ស្តេច Maha Vajiralongkornនៅលើអង្គភាពកងទ័ពមួយចំនួន។នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

នេះជាសកម្មភាពចុងក្រោយនៃការប្រឆាំងនឹងព្រះមហាក្សត្រដោយក្រុមបាតុករដែលបានរិះគន់របបរាជានិយមទោះបីជា រដ្ឋធម្មនុញ្ញថៃការពារ រាជាធិបតេយ្យនិងហាមឃាត់ការប្រមាថស្ថាប័ននេះ។ ក្រុមអ្នកបាតុករបានឈប់នៅមាត់ទ្វារនៃកងវរសេនាតូចថ្មើរជើងលេខ ១១ ដែលជាផ្នែកមួយនៃកងកម្លាំងរបស់ព្រះមហាក្សត្រដែលមានតួនាទីការពារ និងបង្ក្រាបបាតុកម្ម ។

មេធាវីការពារសិទ្ធិមនុស្ស និងជាមេដឹកនាំបាតុកម្មដែលតែងតែមានការរិះគន់ជាញឹកញាប់ចំពោះរបបរាជានិយម លោក Aron Nampa បាននិយាយថា “គ្មានប្រទេសប្រជាធិបតេយ្យណាមួយដែល ព្រះមហាក្សត្រមានសិទ្ធគ្រប់គ្រងលើកងទ័ពឡើយ។ យើងបានមើលឃើញថារាជាធិបតេយ្យកំពុងពង្រីកអំណាចរបស់ខ្លួន”។ លោក Aron Nampa និងមេដឹកនាំតវ៉ាជាច្រើននាក់កំពុងប្រឈមនឹងការចោទប្រកាន់ក្រោមច្បាប់ប្រមាថព្រះមហាក្សត្រ បន្ទាប់ពីលោកបានថ្លែងសុន្ទរកថាមួយ នៅក្នុងការប្រមូលផ្តុំតវ៉ានាពេលកន្លងមក។

គួរជម្រាបថា ការធ្វើបាតុកម្មប្រឆាំងទាមទារនេះបានចាប់ផ្តើមតាំងខែកក្កដា ដោយដំបូងឡើយក្រុមបាតុករទាមទារឱ្យមានការចាកចេញពីតំណែងរបស់នាយករដ្ឋមន្រ្តីប្រាយុទ្ធ ចានអូចា អតីតមេដឹកនាំយោធា និងការសរសេររដ្ឋធម្មនុញ្ញថ្មី ប៉ុន្តែ ក្រុមបាតុករបានពង្រីកការតវ៉ារបស់ពួកគេដោយទាមទារ ឲ្យមានកាត់បន្ថយអំណាចរបស់របបរាជានិយម។ ដោយឡែកក្រសួងការបរទេសថៃបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាប្រទេសថៃប្រកាន់ខ្ជាប់នូវច្បាប់ និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ប៉ុន្តែត្រូវតែស្ថិតនៅក្នុងព្រំដែនរបស់ច្បាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២