ឱសថបន្តក់ភ្នែក កំពុងផ្សព្វផ្សាយលក់ លើគណនីហ្វេសប៊ុកចំនួន៣៦ ត្រូវបានក្រសួងសុខាភិបាល ហាមឃាត់ ព្រោះគ្មានច្បាប់អនុញ្ញាត

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់គណនីហ្វេសប៊ុកចំនួន ៣៦ កំពុងផ្សព្វផ្សាយលក់ឱសថបន្តក់ភ្នែក តាមប្រព័ន្ធអនឡាញ។

ក្រសួងសុខាភិបាល សូមជម្រាបជូនដល់សាធារណជនទាំងអស់ ឲ្យបានជ្រាបថា ៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) មានគណនីចំនួន ៣៦ និងគណនីបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនទៀត កំពុងផ្សព្វផ្សាយ លក់ឱសថបន្តក់ភ្នែក ព្រមទាំងផ្សព្វផ្សាយបំផ្លើស និងបោកប្រាស់ប្រជាពលរដ្ឋយ៉ាងអនាធិបតេយ្យ។

ក្រសួងសុខាភិបាល សូមជូនដំណឹងដល់ម្ចាស់គណនីបណ្តាញសង្គមខាងលើ ក៏ដូចជាគណនីដទៃទៀតថា ការលក់ឱសថតាមប្រព័ន្ធអនឡាញជាសកម្មភាពខុសច្បាប់។

ចំពោះបុគ្គលដែលធ្វើការលក់ឱសថតាមប្រព័ន្ធអនឡាញ ទាំងអស់ពុំមានការអនុញ្ញាតពីក្រសួងសុខាភិបាលឡើយ ហើយទង្វើនេះអាចជម្រុញឱ្យមានឱសថក្លែងក្លាយ ឬអន់គុណភាព ដែលធ្វើឱ្យប៉ះពាល់ ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ក៏ដូចជាប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់ផងដែរ។ ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមជូនព័ត៌មាន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថបន្តក់ភ្នែក ដែលលក់តាមបណ្តាញសង្គមហ្វេសប៊ុកខាងលើ ក៏ដូចជាគណនី និងតាមប្រព័ន្ធអនឡាញផ្សេងៗជាបន្តទៀត។ ក្រសួងសុខាភិបាល តម្រូវឲ្យម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើ និងគណនីពាក់ព័ន្ធផ្សេងៗ ត្រូវបញ្ឈប់ការផ្សព្វផ្សាយលក់ឱសថបន្តក់ភ្នែកនេះ ជាបន្ទាន់។

ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើនេះ និងគណនីពាក់ព័ន្ធផ្សេងៗ ដែលផ្សព្វផ្សាយលក់ឱសថបន្តក់ភ្នែកខាងលើនេះ ទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការ គ្រប់គ្រងឱសថជាធរមាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២