សាច់បង្កកខូចគុណភាពជិត១០តោនត្រូវបានសមត្ថកិច្ចគយបង្ក្រាបបាន និងយកទៅដុតកម្ទេចចោល

អង្គភាពគយក្រោមឱវាទអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បង្ក្រាប និងដុតកម្ទេចបំណែកសាច់ និងសាច់ប្រហិតនាំចូលដោយខុសច្បាប់ចំនួន ៣ ករណី ស្មើនឹង ៩ ៩៧៧ គីឡូក្រាម ដែលនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដារ នាំឱ្យខូចគុណភាពមិនអាចប្រើប្រាស់បាន។ ការដុតកម្ទេចបំណែកសាច់ និងសាច់ប្រហិតនាំចូលដោយខុសច្បាប់ និងខូចគុណភាពទាំងនោះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ម្សិលម៉ិញនេះ។

បំណែកសាច់ និងសាច់ប្រហិតបង្កកទាំង៣ករណី ដែលសមត្ថកិច្ចគយបង្ក្រាបបាននោះរួមមាន៖

– បំណែកសាច់មាន់ និងសាច់ក្រួចបង្កកចំនួន ៣៣២ គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យគយ និងរដ្ឋាករភ្នំឌិន នៃសាខាគយនិងរដ្ឋាករខេត្តតាកែវ នៅភូមិសាស្ត្រស្រុកគិរីវង្ស ខេត្តតាកែវ។

– គ្រឿងក្នុងជ្រូកចំនួន ១ ០២៥ គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៤ នៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស នៅភូមិសាស្ត្រស្រុកថ្មគោល ខេត្តបាត់ដំបង។

– សាច់ប្រហិតចម្រុះចំនួន ៨ ៦២០គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់១ នៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស នៅភូមិសាស្ត្រខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២