លោកស្រីអ៊ុងសាន ស៊ូជីប្រឈមនឹងការចោទប្រកាន់ថ្មីក្រោមច្បាប់ការសម្ងាត់មីយ៉ាន់ម៉ា

អន្តរជាតិ៖ លោកស្រីអ៊ុងសាន ស៊ូជី និងសមាជិកដទៃទៀតនៃគណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ដែលត្រូវបានឃុំខ្លួនចាប់តាំងពីរដ្ឋប្រហារ និងយោធាបានចោទប្រកាន់លោកស្រីពីបទល្មើសតូចតាចមួយចំនួនរួមមានការនាំចូលវិទ្យុទាក់ទងដោយខុសច្បាប់និងរំលោភលើច្បាប់ប្រឆាំងជំងឺកូវីដ១៩ នៅថ្ងៃសុក្រនេះលោកស្រីត្រូវបានចោទប្រកាន់ថ្មីបន្ថែមទៀតពីបទរំលោភច្បាប់ការសម្ងាត់មីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១។

ប្រធានក្រុមមេធាវីរបស់លោកស្រីអោងសាន ស៊ូជី បានប្រាប់រ៉យទ័រតាមទូរស័ព្ទថា លោកស្រីស៊ូជី  ជាមួយរដ្ឋមន្រ្តីបីរូប និងទីប្រឹក្សាសេដ្ឋកិច្ចជនជាតិអូស្ត្រាលី​លោក Turnell ត្រូវបានចោទប្រកាន់កាលពីមួយសប្តាហ៍មុននៅក្នុងតុលាការទីក្រុងយ៉ាំងហ្គោនក្រោមច្បាប់ការសម្ងាត់ ដែលអាចជាប់ពន្ធនាគាររហូតដល់ ១៤ ឆ្នាំប្រសិនបើរកឃើញថាមានកំហុសក្រោមច្បាប់នេះ។

សូមជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមអ្នកគាំទ្រលោកស្រីអោងសាន ស៊ូជី​ បានចេញធ្វើបាតុកម្មម្តងទៀតនៅតាមដងផ្លូវនៃទីក្រុងនានាទូទាំងប្រទេសមីយ៉ាន់ម៉ាដើម្បីប្រឆាំងនឹងការបង្ក្រាបរបស់កម្លាំងសន្តិសុខដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៣៦នាក់។ ទន្ទឹមនឹងនេះ ទាហាន ២០នាក់ត្រូវបានសម្លាប់ និងរថយន្តយោធា ៤គ្រឿងត្រូវបានបំផ្លាញនៅក្នុងការប៉ះទង្គិចគ្នាជាមួយកងទ័ពឯករាជ្យកាឈិន(KIA) ដែលជាក្រុមឧទ្ទាមមួយក្នុងចំណោមក្រុមឧទ្ទាមដែលមានឥទ្ធិពលបំផុតនៅមីយ៉ាន់ម៉ា។ ការប្រយុទ្ធគ្នានៅភាគខាងជើងនេះកើតឡើងបន្ទាប់ពីយន្តហោះយោធាមីយ៉ាន់ម៉ាបានចាប់ផ្តើមទម្លាក់គ្រាប់បែកនៅទីតាំងរបស់ក្រុម សហភាពជាតិការ៉ែន (KNU) នៅភាគខាងកើតប្រទេស ដែលបានបង្ខំឱ្យពលរដ្ឋមីយ៉ាន់ម៉ារាប់ពាន់នាក់ភៀសខ្លួនទៅកាន់ព្រំដែនថៃផងដែរ៕

Aung San Suu Kyi faces new charge under Myanmar's secrets law | China News | Al Jazeera

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២