តើសហរដ្ឋអាមេរិក បានភ្លេចនូវការរំលោភបំពានសិទ្ធិមនុស្ស នៅប្រទេសកម្ពុជា ហើយមែនទេ?

ភ្នំពេញ ៖ សារព័ត៌មានឯករាជ្យនៃសហរដ្ឋអាមេរិក The Greanville Post នាថ្ងៃទី១៦ ខែមេសា បានចុះផ្សាយនូវព័ត៌មានដែលមានចំណងជើង ” US Human Rights Report on Cambodia: More Hypocrisy & Unhelpful Criticism ” ក្នុងអត្ថបទនេះបានលើកឡើងនូវបញ្ហារវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក និងធ្វើការវិភាគតាមទស្សនៈប្រជាជនអាមេរិក ហើយរាល់ខ្លឹមសារក្នុងអត្ថបទនេះ បានយកមកធ្វើការបកប្រែសម្រាប់ជាឯកសារយោងជំនួយដល់អ្នកអាន។
សហរដ្ឋអាមេរិកតែងតែចេញរបាយការណ៍ប្រចាំឆ្នាំស្តីពីស្ថានភាពសិទ្ធិមនុស្ស ព្រមទាំងលើកឡើងនូវចំណុចខ្វះខាតនៃសិទ្ធិមនុស្សក្នុងប្រទេសដទៃ ប៉ុន្តែសហរដ្ឋអាមេរិកមិនដែលលើកឡើងពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសរបស់ខ្លួនឡើយ។

សហរដ្ឋអាមេរិកតែងតែដើរតួជាអ្នកត្រួតពិនិត្យដោយឯកតោភាគី និងរិះគន់ស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសដទៃ ដោយគ្មានការអនុញ្ញាត្តិច្បាស់លាស់ពីអង្គការសហប្រជាជាតិ ។

របាយការណ៍ស្តីអំពីសិទ្ធិមនុស្សដែលចេញផ្សាយដោយក្រសួងការបរទេសសហរដ្ឋអាមេរិក មានការខ្វះខាតនូវវត្ថុវិស័យភាព ព្រមទាំងមានភាពខ្វះចន្លោះយ៉ាងធ្ងន់ធ្ងរទៅលើភាពពិតប្រាកដនៃទិន្នន័យ និងព័ត៌មានដែលមិនបានធ្វើបច្ចុប្បន្នភាព។ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ពីរបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក យើងគួរតែយកចិត្តទុកដាក់ទៅលើចំណុចទាំងបីដូចខាង
ក្រោម៖

. ទីមួយ សម្រាប់ស្ថានប័នណាមួយរបស់សហរដ្ឋអាមេរិកដែលមានបំណងវាយតម្លៃទៅលើប្រទេសកម្ពុជា គឺមិនគួរមើលរំលងនូវបំណុលសីលធម៌ ដែលសហរដ្ឋអាមេរិចបានជំពាក់អតីតរដ្ឋាភិបាលប្រទេសកម្ពុជា ព្រមទាំងប្រជាជនស្លូតត្រង់ដែលទទួលរងនូវការទម្លាក់គ្រាប់បែកពីអាកាសកាលក្នុងទសវត្សឆ្នាំ ១៩៧០។

នៅចន្លោះឆ្នាំ ១៩៧២ ដល់ ១៩៧៤ ក្រសួងកសិកម្មនៃសហរដ្ឋអាមេរិកបានចំណាយថវិការចំនួន ២៧៤ លានដុល្លារអាមេរិក ក្នុងការបញ្ជាទិញកប្បាស អង្ករ និងម្សៅពីរបបលន់នល់ ដែលជាសម្ព័ន្ធមិត្តភាពមួយក្នុងការជួយទប់ស្កាត់ការរីករាលដាលនៃលិទ្ធិកុម្មុយនិស្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូច្នេះហើយ ទំហំនៃបំណុលនេះ ស្ទើរតែកើនឡើងទ្វេដង ដោយសារការបង្គនូវការប្រាក់ពីមួយទស្សវត្សទៅមួយទស្សវត្ស។

គេជឿជាក់ថា សហរដ្ឋអាមេរិកបានទម្លាក់អាវុធយុទ្ធភ័ណ្ឌចំនួន ២.៧៥ លានតោនទៅលើ ១១៣,០០០ កន្លែងនៅប្រទេសកម្ពុជា។ យោងតាមការប៉ាន់ស្មាន ប្រជាជនកម្ពុជាចាប់ពី ៥,០០០ រហូតដល់លើសពីកន្លះលាននាក់បានបាត់បង់ជីវិត។

អតីតអ្នកកាសែត New York Times លោកស្រី Elizabeth Becker បានឃើញយុទ្ធនាការបំផ្ទុះគ្រាប់បែកដោយផ្ទាល់នឹងភ្នែក និងបានសរសេរជាសៀវភៅដែលមានចំណងជើងថា “នៅពេលដែលសង្គ្រាមបានបញ្ចប់” ក្នុងនោះបានរៀបរាប់ថា “យើងមិនបានទទួលស្គាល់នូវការខូចខាតដ៏សម្បើមដែលយើងបានប្រព្រឹត្តិចំពោះប្រទេសនោះទេ។ ដូច្នេះហើយគំនិតដែលស្នើសុំទៅកាន់ពួកគាត់ឱ្យបង់ថ្លៃអាហារបន្តិចបន្តួចទុកជាជំនួយគឺពិតជាទង្វើដ៏ឆ្គួតដែរ។ សហរដ្ឋអាមេរិកត្រូវតែទទួលស្គាល់ – នៅក្នុងសៀវភៅរបស់ខ្ញុំ អ្នកទទួលស្គាល់នូវការខូចខាតដែលអ្នកបានបង្កឡើង និងបានផ្តល់ជាសំណងពិតប្រាកដមែន ដែលពួកយើងមិនបានប្រព្រឹត្ត”។

រដ្ឋាភិបាលសហរដ្ឋអាមេរិកមិនដែលទទួលខុសត្រូវតាមផ្លូវច្បាប់ចំពោះការខូចខាតដ៏ធ្ងន់ធ្ងរ ដែលបានបង្កទៅលើជនស៊ីវិល និងប្រទេសកម្ពុជាក្នុងអំឡុងពេលសង្រ្គាម។

. ទីពីរ សហរដ្ឋអាមេរិកមិនបានអនុម័តតាមគោលការណ៍ដឹកនាំសិទិ្ធមនុស្សដែលត្រូវចាប់ផ្តើមពីប្រទេសរបស់ខ្លួនឡើយ ហើយអ្វីដែលហួសចិត្តនោះគឺ របាយការណ៍ប្រចាំឆ្នាំមិនបានរាប់បញ្ចូលនូវកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសខ្លួនទេ ដែលជាទង្វើបដិសេធដោយខ្លួនឯងនូវការរំលោភបំពានសិទ្ធិមនុស្សរបស់ប្រទេសខ្លួន។ សហរដ្ឋអាមេរិកបានភ្លេចថាជនជាតិអាមេរិកដើមកំណើតអាស៊ី មិនត្រឹមតែជាជនជាតិអាមេរិកកាត់ចិននោះទេ ថែមទាំងរួមមានជនជាតិអាមេរិកដើមកំណើតអាស៊ីជាច្រើននាក់ទៀត ដែលបានទទូលរងការរើសអើង ក៏ដូចជាប្រឈមមុខនឹងអំពើហិង្សា ដោយសារតែពណ៌សម្បុររបស់ពួកគាត់ ទោះបីជាពួកគេបានរស់នៅ ឬមានកំណើតនៅលើទឹកដីសហរដ្ឋអាមេរិចក៏
ដោយ។

ទីបី របាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្ស ជាការងារប្រចាំឆ្នាំរបស់ក្រសួងការបរទេសនៃសហរដ្ឋអាមេរិក ប៉ុន្តែពួកគេមិនបានប្រកាន់យកវិធីសាស្រ្តស្មើភាព ក្នុងការវាយតម្លៃ បែរជាប្រើប្រាស់សិទ្ធិរបស់ខ្លួនទៅលើប្រទេសដទៃ បដិសេធការរើសអើងជាតិសាសន៍ និង ទទួលបានសិទ្ធិអំណាចក្នុងវិស័យសិទ្ធិមនុស្ស។

ខ្លឹមសារ និងអត្តន័យនៃរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសនៃសហរដ្ឋអាមេរិក មានភាពខុសគ្នាដោយផ្អែកលើភាពជិតស្និត និងយុទ្ធសាស្រ្តរបស់ប្រទេសនីមួយៗមកកាន់សហរដ្ឋអាមេរិក។ ប្រតិបត្តិការនៃការជ្រើសរើស និងការធ្វើសព្វាវុធលើសិទ្ធិមនុស្ស បានក្លាយជានិនា្នការដ៏អាក្រក់មួយ ដែលត្រូវធ្វើការទប់ស្កាត់ និងកាត់បន្ថយ ប្រសិនបើយើងចង់លើកកម្ពស់ និងការពារសិទ្ធិមនុស្សជាគុណប្រយោជន៍សាធារណៈសកល។
យោងតាមការស្រង់ប្រសាសន៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres “សិទ្ធិមនុស្សមិនមែនឧបករណ៍សម្រាប់ស្តង់ដារទ្វេរ ឬមធ្យោបាយស្វែងរករបៀបវារៈដែលបានបិទបាំង។” សហរដ្ឋអាមេរិកតែងតែនិយាយអំពីស្ថានភាពសិទ្ធិមនុស្សជាមួយនឹងប្រទេសក្រីក្រ ឬប្រទេសដែលបានចាត់ទុកជាគូប្រជែងរបស់ខ្លួន ប៉ុន្តែសហរដ្ឋអាមេរិកមិនដែលនិយាយអំពីសិទ្ធិមនុស្សទៅកាន់ប្រទេសដែលមានស្ថានភាពសេដ្ឋកិច្ចរឹងមាំ ឬប្រទេសមានអ្នកវិនិយោគជនជាតិអាមេរិកច្រើននោះទេ។

ដូច្នេះហើយ នៅទីក្រុង វ៉ាស៊ីងតោន មានទស្សនៈពីរ អំពីប្រទេសកម្ពុជា។
ទស្សនៈទីមួយគឺសហរដ្ឋអាមេរិកគួរតែរក្សាទំនាក់ទំនងល្អជាមួយនឹងរដ្ឋាភិបាលទាំងអស់នៃប្រទេសកម្ពុជា។ ទស្សនៈទីពីរយល់ថា ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមិនមានសារៈប្រយោជន៍បើប្រៀបធៀបនឹងប្រទេសជិតខាង តែត្រូវបានចាត់ទុកជាប្រទេសដែលមានបរិបទតស៊ូក្នុងសង្គ្រាមដណ្តើមអំណាចពិភពលោក។ ជំហរចុងក្រោយរបស់ ទីក្រុង វ៉ាស៊ីងតោន ក្នុងការយកឈ្នះសង្គ្រាម គឺការប្រើប្រាស់នូវសង្គ្រាមត្រជាក់ ទោះបីជាគ្មានការជាប់ពាក់ព័ន្ធនឹងទស្សនៈខាងលើ ក៏ដូចជាការមើលរំលងនូវកម្លាំងប្រវត្តិសាស្រ្តនៃប្រទេសមួយនេះក៏ដោយ។ មូលហេតុដែលជម្រុញឲ្យមានការសម្រេចចិត្តក្នុងការធ្វើផ្លូវជាតិជារង្វង់ឆ្ពោះទៅអាស៊ីអាគ្នេយ៍ ជាជាងការកោតស្ញប់ស្ញែងលើលិទ្ធិជាតិនិយម គឺដោយសារតែទ្រឹស្តីដូមីណូ ដែលជាទ្រឹស្តីមួយ បានប្រៀបធៀបរដ្ឋទាំងអស់ទៅជាក្តារឈើដែលដាក់ជាជួរ។
មុនការកើតឡើងនូវអនុត្តរភាពនិយមថ្នាក់កណ្តាលទៅលើនយោបាយក្នុងស្រុកនៅអាស៊ីអាគ្នេយ៍ សហរដ្ឋអាមេរិកនឹងចាត់ទុកតំបន់នេះជាតំបន់កំពុងអភិវឌ្ឍន៍ ប៉ុន្តែកម្រិតនៃការអភិវឌ្ឍន៍មិនទាន់គ្រប់គ្រាន់ក្នុងការអនុវត្តតាមមូលដ្ឋានដូចគ្នាទៅនឹងលទ្ធិប្រជាធិបតេយ្យសហភាពអឺរ៉ុប។ ទស្សនៈនេះត្រូវបានគេមើលឃើញយ៉ាងច្បាស់នៅអំឡុងពេលស្ថិតក្រោមការគ្រប់គ្រងរបស់អតីតប្រធានាធិបតីលោក Donald Trump។

ចំពោះអ្នកដែលមិនមានការយល់ដឹងពីប្រវត្តិសាស្ត្រ ពួកគេនឹងមានគំនិតថាសហរដ្ឋអាមេរិក គឹជាប្រទេសដែលគោរពសិទ្ធិមនុស្សជាងគេលើពិភពលោក ប៉ុន្តែចំពោះអ្នកដែលសិក្សាយ៉ាងជ្រាវជ្រៅទៅនឹងប្រវត្តិសាស្ត្រនៃសហរដ្ឋអាមេរិក ពួកគេដឹងច្បាស់អំពីអំពើដ៏ឃោរឃៅរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិច ក៏ដូចជាទាហានអាមេរិក។

ក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក មានទំនៀមទំលាប់ការទូតយ៉ាងតិចចំនួនពីរ។ មួយគឺសម្ពាធខាងសីលធម៌ដែលបានធ្វើការអះអាងដោយខ្លួនឯងថាបានគាំទ្រច្បាប់អន្តរជាតិ ដំណោះស្រាយដោយសន្តិវិធីនៃជម្លោះអន្តរជាតិ និងការសម្រេចចិត្តរបស់ប្រជាជន។ រីឯនយោបាយតថនិយមសង្កត់ធ្ងន់លើ ការផ្លាស់ប្តូរអន្តរជាតិដោយទាមទារការប្រើកម្លាំងកាយដើម្បីលើកកម្ពស់ផលប្រយោជន៍ពាណិជ្ជកម្ម និងយុទ្ធសាស្រ្ត ក៏ដូចជាបំណងឧត្តមគតិ។ ទំនៀមទំលាប់ទាំងពីរនេះ តែងតែត្រូវបានលាយបញ្ចូលគ្នា។

អ្វីដែលគួរឱ្យអស់សំណើចនោះគឺ សហរដ្ឋអាមេរិកបានដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនៅក្នុងឆ្នាំ ២០១៨ ហើយត្រឡប់មកវិញបន្ទាប់ពីបានបង្កើតរដ្ឋាភិបាលថ្មី ប៉ុន្តែសហរដ្ឋអាមេរិកនៅតែបន្តសរសេរ និងរៀបរាប់អំពីបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសនានា ប៉ុន្តែបែរជាមិនបាននិយាយពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសរបស់ខ្លួន។ សហរដ្ឋអាមេរិកតែងតែព្យាយាមផ្សព្វផ្សាយបទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិ ខណៈពេលដែលសហរដ្ឋអាមេរិកខ្លួនឯងផ្ទាល់មិនបានអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិជាច្រើនរបស់អង្គការសហប្រជាជាតិ ដូចជាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) និងសិទ្ធិក្នុងការប្រកាសសង្រ្គាមលើប្រទេសដទៃ។

សហរដ្ឋអាមេរិកគួរតែពិនិត្យមើលប្រទេសខ្លួន ដើម្បីស្វែងរក និងដោះស្រាយបញ្ហាសំខាន់ៗក្នុងប្រទេសខ្លួនមុននឹងស្តីបន្ទោសប្រទេសដទៃ។ សហរដ្ឋអាមេរិកក៏គួរតែធ្វើជាគំរូសម្រាប់សុន្ទរកថារបស់ខ្លួន ជាជាងការប្រាប់អ្នកដទៃឱ្យអនុវត្ត ទាំងដែលប្រទេសខ្លួនមិនបានអនុវត្តតាម៕

ប្រភពមកពី The Greanville Post

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២