ប្រទេសរុស្ស៊ីបញ្ជាឱ្យបញ្ចប់សមយុទ្ធយោធាដ៏ធំមួយនៅជិតព្រំដែនអ៊ុយក្រែន

ម៉ូស្គូ៖ ​រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបញ្ជាឱ្យបញ្ចប់សមយុទ្ធយោធារបស់ខ្លួនដែលរួមចូលរួមដោយកងទ័ពរាប់ពាន់នាក់ និងនាវាចម្បាំងរាប់សិបគ្រឿងនៅជិតតំបន់ព្រំដែន   ដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយប្រទេសអ៊ុយក្រែន និងបណ្តាប្រទេសលោកខាងលិច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channelnewsasia នៅថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១។

ថ្លែងក្នុងពេលពិនិត្យសមយុទ្ធនៅតំបន់គ្រីមៀ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បាននិយាយថា “​ទាហានរុស្ស៊ី នឹងចាប់ផ្តើមត្រឡប់ទៅមូលដ្ឋានអចិន្រ្តៃយ៍វិញនៅថ្ងៃសុក្រនេះ បន្ទាប់ពីបានបង្ហាញពីសមត្ថភាពរបស់ពួកគេ ដើម្បីធានាបាននូវការការពារប្រទេសដែលអាចទុកចិត្តបាន” ។ លោកបាននិយាយបន្ថែមថា “ខ្ញុំបានធ្វើការសម្រេចចិត្តបញ្ឈប់ការត្រួតពិនិត្យសមយុទ្ធនៅក្នុងតំបន់យោធាភាគខាងត្បូង និងខាងលិច ហើយនិងបន្ថែមការដកកងទ័ពទាំងស្រុកវិញនៅថ្ងៃទី១ ខែឧសភាខាងមុខនេះ”។

ទន្ទឹមនិងនេះ មេដឹកនាំអ៊ុយក្រែនលោក Volodymyr Zelensky បានស្វាគមន៍ចំពោះការបញ្ចប់សមយុទ្ធនេះដោយនិយាយថាវាបានកាត់បន្ថយភាពតានតឹង បន្ទាប់ពីការប្រយុទ្ធគ្នាជាច្រើនសប្តាហ៍នៅភាគខាងកើតរវាងកងទ័ពរដ្ឋាភិបាល និងក្រុមបំបែកខ្លួនដែលគាំទ្រដោយទីក្រុងម៉ូស្គូ។

ការប្រកាសរបស់រុស្ស៊ីពេលនេះធ្វើឡើងបន្ទាប់ពីបណ្តាប្រទេសលោកខាងលិចបានអំពាវនាវដល់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ឲ្យដកទ័ពថយវិញ ហើយមេដឹកនាំអ៊ុយក្រែនក៏បានស្នើទៅប្រមុខវិមានក្រឹមឡាំងឱ្យបន្ថយភាពតានតឹងនៅតាមតំបន់ព្រំដែន ដែលកំពុងប្រឈមគ្នាដោយសង្គ្រាម។

សូមជម្រាបថា កម្លាំងអ៊ុយក្រែន និងក្រុមបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីបាននិងកំពុងប្រយុទ្ធគ្នានៅភាគខាងកើតអ៊ុយក្រែនភ្លាមៗ បន្ទាប់ពីអង្គការសហប្រជាជាតិបញ្ចូលតំបន់គ្រីមៀ(Crimean)ជារបស់អ៊ុយក្រែនក្នុងឆ្នាំ២០១៤។ ចាប់តាំងពីមានជម្លោះនៅភាគខាងកើតប្រទេសអ៊ុយក្រែន មនុស្សជាង ១៣,០០០ នាក់ត្រូវបានសម្លាប់ ហើយបានប្រែទៅជាបញ្ហាដ៏កក្រើកមួយនៅក្នុងទំនាក់ទំនងរបស់មូស្គូ និងបណ្តាប្រទេសលោកខាងលិច៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២