ខ្យងចំពុះទា សហគមន៍ ពាមក្រសោប ទាញចំណូលបាន រាប់លានដុល្លារ ក្នុងមួយឆ្នាំ

ភ្នំពេញ ៖ បច្ចុប្បន្ននេះ ខ្យងចំពុះទា ដែលផលិតដោយ សហគមន៍ ពាមក្រសោប នៅក្នុងផ្ទៃទឹកសមុទ្រ ប្រមាណ ៥០ ហិកតា ដែលអាច ផលិតខ្យងចំពុះទា ជាមធ្យម ៣.១៦៣ តោន ក្នុងមួយឆ្នាំ ក្នុងចន្លោះខែមករា-ឧសភា និងខែកញ្ញា-ធ្នូ ហើយ ភាគច្រើន ត្រូវនាំចេញទៅ ប្រទេសថៃ និងវៀតណាម តាមរយៈឈ្មួញកណ្តាលហើយមាន តិចតួចបំផុត ត្រូវបានយកមកលក់ នៅរាជធានីភ្នំពេញ។

យោងតាមរបាយការណ៍ របស់ក្រសួងបរិស្ថាន បានឱ្យដឹងថា ៖ ខ្យងចំពុះទា ត្រូវបានចិញ្ចឹម ដោយប្រជាសហគមន៍ ពាមក្រសោប ប្រមាណ ១១៥ គ្រួសារ នៅខេត្តកោះកុង តាមរយៈការបោះបង្គោល ចំនួន ១៨៦.១០០ បង្គោល នៅក្នុងផ្ទៃទឹកសមុទ្រ ប្រមាណ ៥០ ហិកតា។ ខ្យងចំពុះទា ស្រស់ទាំងសំបក មានតម្លៃ ៥ .០០០ រៀល និងចំហុយ បកសំបករួច មានតម្លៃ ៦០.០០០ រៀល ក្នុងមួយគីឡូក្រាម ដែលធ្វើឱ្យសហគមន៍ នេះ អាចរកចំណូលបាន ប្រមាណ ៤.៥០០.០០០ ទៅ ៦.០០០.០០០ ដុល្លារ ក្នុងមួយឆ្នាំ។ តាមរយ:ការសម្របសម្រួល របស់គម្រោង “និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ ធម្មជាតិកម្ពុជា” នៃក្រសួងបរិស្ថាន ផ្សារម៉ាក្រូ នឹងប្រមូលទិញ ខ្យងចំពុះទានេះ ដើម្បីចែកចាយ និងដាក់លក់ នៅក្នុងរាជធានីភ្នំពេញ។

ខ្យងចំពុះទា អាចកែច្នៃ ជាមុខអាហារ ច្រើនប្រភេទ ដាក់ក្នុងភីហ្សា ស៊ុបខ្ទិះ ប្រភេទលោកខាងលិច។ល។ តែប្រជាជនកម្ពុជា ចូលចិត្តអាំង ជ្រលក់ទឹកត្រី កោះកុង ឆាក្តៅ ឬញាំ សម្លរខ្ទិះដូង ឆាគ្រឿង កែង ។ល។ ហើយក៏អាចផលិតជា ប្រេងខ្យង បានដែរ។ រីឯ កាកសំណល់ និងសំបកខ្យងចំពុះទា ត្រូវបានកិនកែច្នៃ លាយជាចំណីសត្វ និងធ្វើកំបោរ។

កន្លងមក ក្រសួងបរិស្ថាន បានលើកទឹកចិត្តដល់ សហគមន៍ បង្កើនការចិញ្ចឹម ខ្យងចំពុះទា ស្របពេលដែល តម្រូវការទីផ្សារខ្ពស់ អាចជួយដល់ជីវភាព និងសេដ្ឋកិច្ចគ្រួសារ កាន់តែល្អប្រសើរឡើង។

គួរបញ្ជាក់ថា ខ្យងចំពោះទា ល្បីល្បាញឈ្មោះ នៅបរទេស ដោយសារវាមាន រសជាតិឆ្ងាញ់ពិសា ប៉ុន្តែសម្រាប់កម្ពុជាវិញ ប្រជាពលរដ្ឋ ហាក់មិនសូវស្គាល់ ខ្យងប្រភេទនេះទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២