នៅព្រឹកថ្ងៃ២១មិថុនានេះ កម្ពុជាបើកដំណើរការចម្រាញ់មាសលើកដំបូង

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែនិងថាមពល ជាសេនាធិការ នឹងប្រារព្ធពីធីបើកដំណើរការចម្រាញ់មាសលើកដំបូង របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ដែលពិធីបើកដំណើរការចម្រាញ់មាសលើកដំបូងនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១នេះ។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារលិខិតផ្ញើជូនជនរួមជាតិ កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១កន្លងមកនេះ សម្តេចតេជោបានប្រកាសពីភាពជោគជ័យលើអាជីវកម្មរ៉ែមាសលើកដំបូងរបស់កម្ពុជា ដែលអាចផលិតមាសសុទ្ធ បានចំនួន ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ ឆ្នាំ ដំបូង។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចប្រកាសឱ្យដំណើរការការដ្ឋានអាជីវកម្មរ៉ែមាស និងរោងចក្រចម្រាញ់រ៉ែមាស ស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១ ខែមិថុនា តទៅ។

សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាដែលដូនតាយើងបានប្រសិទ្ធនាមថា “ ទឹកដីសុវណ្ណភូមិ – គឺជាទឹកដីដ៏វិសិដ្ឋព្រោះជាទឹកដីពោរពេញដោយកំណប់ទ្រព្យជាច្រើនប្រភេទ។ ថ្ងៃនេះ សក្ខីភាពថ្មីបានលេចចេញជារូបរាងឡើង ហើយ។ ខ្ញុំព្រះករុណាខ្ញុំមានមោទនភាព សូមជម្រាបជូនជនរួមជាតិនូវការប្រកាសដាក់ឱ្យដំណើរការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជានៅ តំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នេះតទៅ។

មកដល់ពេលនេះ កម្ពុជារំពឹងថា ផលិតផលមាសជាលក្ខណៈឧស្សាហកម្មពីជម្រករ៉ែតំបន់ អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនឹងផ្តល់ផលប្រយោជន៍ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥ (មួយរយប៉ែតសិបប្រាំ) លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០ (សែសិប) លានដុល្លារ ក្នុងមួយឆ្នាំ។ ថវិកាទាំងនេះនឹង ត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ស្របជាមួយការចាប់ផ្តើមនៃអាជីវកម្មរ៉ែមាសខ្នាតឧស្សាហកម្មតាមស្តង់ដារអន្តរជាតិជាលើក ដំបូងនៅកម្ពុជា ប្រតិបត្តិការធនធានរ៉ែនៅតំបន់អូរខ្វាវនឹងបង្កើតបានជាគំរូមួយសម្រាប់នាំមុខដល់ការ ធ្វើអាជីវកម្មធនធានរ៉ដទៃទៀត ស្របតាមគោលការណ៍អភិវឌ្ឍប្រកបដោយចីរភាព។ ការចាប់ផ្ដើម នេះបានបញ្ជាក់យ៉ាងច្បាស់ថា ការខិតខំរបស់យើងនាពេលកន្លងមកនៅក្នុងវិស័យរ៉ែ ពិតជាអាច ទាញយកធនធានធម្មជាតិក្រោមដីមកបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិយើងបានប្រកបដោយ ការទទួលខុសត្រូវខ្ពស់លើការការពារផលប្រយោជន៍បរិស្ថាននិងសង្គម។ បណ្តាក្រុមហ៊ុនៃរីទាំងអស់ នឹងត្រូវជំរុញឱ្យប្រើប្រាស់គំរូនៃការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវបែបនេះ នៅគ្រប់ដំណាក់ កាលនៃប្រតិបត្តិការរបស់ខ្លួន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២