(ភ្នំពេញ)៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណ:កម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានដឹកនាំប្រជុំពិភាក្សា លើលទ្ធផលនៃការសិក្សាបឋម ស្តីពីការរៀបចំឯកសារយុទ្ធសាស្រ្តទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី តាមប្រព័ន្ធវីដេអូ Zoom។




របាយការណ៍បឋមស្តីពីយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ត្រូវបានក្រសួងពាណិជ្ជកម្មបង្ហាញជូនក្នុងកិច្ចប្រជុំនេះ។ ក្រសួងពាណិជ្ជកម្ម បានបង្កើតក្រុមការងារមួយ សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ ប្រមូលធាតុចូលពីផ្នែកពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីរៀបចំយុទ្ធសាស្រ្តទាញយកផលប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាហត្ថលេខី។
ជាលទ្ធផល ក្រុមការងារចងក្រងបាននូវរបាយការណ៍បឋមស្តីពី យុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងគោលបំណងសំខាន់ៗ រួមមាន៖ (១)សិក្សាស្វែងយល់ពីកត្តាដែលមានឥទ្ធិពល ដើម្បីពង្រឹងសមត្ថភាពវិស័យពាក់ព័ន្ធ សំដៅទាញយកផលប្រយោជន៍ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាហត្ថលេខី (២)ជ្រើសរើស និងលើកសំណើអំពីទំនិញសក្តានុពលសម្រាប់ជំរុញការផលិត និងការនាំចេញក្នុងរយៈពេលខ្លី មធ្យម និងវែង យោងតាមទីផ្សារដែលកម្ពុជាទទួលបាន (៣)វិភាគពីកត្តាពាក់ព័ន្ធនឹងការជំរុញការនាំចេញ តាមរយៈការវិភាគលើចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងបញ្ហាគំរាមកំហែង លើផលិតផលមុខទំនិញសក្តានុពល (៤)រកឲ្យឃើញកត្តាប្រឈមទាំងឡាយ និងដាក់ចេញនូវវិធានការ និងសកម្មភាពដែលត្រូវអនុវត្តន៍ សម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធ (៥)ផ្សព្វផ្សាយជូនសាធារណជន ធុរជន វិនិយោគគិន និងផ្នែកពាក់ព័ន្ធ ចូលរួមអនុវត្តលក្ខខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឲ្យមានប្រសិទ្ធភាពខ្ពស់។


ដោយផ្អែកលើការសិក្សាស្រាវជ្រាវនេះ ក្រុមការងារបានកំណត់មុខទំនិញសក្ដានុពលចំនួន ១០មុខ ដែលត្រូវជំរុញផលិតកម្ម និងជំរុញការនាំចេញ មានដូចជា៖ ស្រូវ-អង្ករ, ដំឡូងមី, ចេក, មៀនប៉ៃលិន, ស្វាយ, ស្វាយចន្ទី, សាច់សត្វ, ជ័រកៅស៊ូ, ម្នាស់ និងម្រេច។

គួរបញ្ជាក់ផងដែរថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កម្ពុជាបានធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនទៅក្នុងតំបន់ និងអន្តរជាតិ ជាបន្តបន្ទាប់។ ជាមួយនឹងការខិតខំនាពេលកន្លងមក កម្ពុជាបានសម្រេចដោយជោគជ័យក្នុងការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដំបូងបំផុតមួយ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ហើយនាពេលថ្មីៗនេះ គឺកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ យើងបានចុះហត្ថលេខាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ។
កម្ពុជាមានទិសដៅបន្តការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសមួយចំនួនទៀត ដូចជា៖ សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី, សហព័ន្ធរុស្សី, ចក្រភពអង់គ្លេស, សហរដ្ឋអាមេរិក, ជប៉ុន, ម៉ុងហ្គោលី និងឥណ្ឌា បន្ថែមទៀតផងដែរ៕
