ធនាគារប្រៃសណីកម្ពុជា(ក អ)បានចូលរួមវិនិយោគនូវទឹកប្រាក់ ចំនួន១០លានដុល្លារក្នុងគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិ តេជោថ្មី

ភ្នំពេញ ៖ ធនាគារប្រៃសណីកម្ពុជា ក អ បានចូលរួមវិនិយោគក្នុងគម្រោង សាងសង់ អាកាសយានដ្ឋាន អន្តរជាតិ តេជោថ្មីជាមួយក្រុមហ៊ុន OCIC នូវទឹកប្រាក់ចំនួន ១០លានដុល្លារ ។ ហើយពិធី ចុះហត្ថលេខាលើទឹកប្រាក់ចំនួន១០លានដូល្លារនេះ បានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី ២៨ខែធ្នូឆ្នាំ ២០២១ នៅអគារកាណាឌីយ៉ា រវាង ក្រុមហ៊ុន Cambodia Airport Investment Co; LTD .(OCIC) តំណាងដោយលោក ឧកញ៉ា ឆារស៍ វ៉ាន់ ជាអគ្គនាយករង និងធនាគារប្រៃសណីកម្ពុជា តំណាងដោយលោក តូចចៅចេក ជាប្រធានប្រតិបត្តិ ក្រោមអធិបតីភាពលោកឧកញ៉ាកតិ្តបណ្ឌិតពុង ឃាវសែ ។

បើតាម ក្រុមហ៊ុន Cambodia Airport Investment Co., LTD (CAIC) បាន ឲ្យ ដឹងថា ទឹកប្រាក់វិនិយោគចំនួន១០លានដូល្លារ ដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់សាងសង់ និងការអភិវឌ្ឍន៍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោនៅខេត្តកណ្តាល ។

លោកបានបន្តថា គម្រោង NPPIA បច្ចុប្បន្ន សម្រេចបាន ២៨ភាគរយ ហើយ ដែលមាន ទឹកប្រាក់ សរុប ៣៧៥លាន ដុល្លារ សហរដ្ឋអាមេរិក ដោយមិនរាប់បញ្ចូលថ្លៃដី ដែលវិនិយោគ នោះឡើយ ។

ជាមួយគ្នានោះ អត្រាការប្រាក់(Coupon rate) របស់សញ្ញាបណ្ណនេះគឺ 5.5% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor)៣ ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។ ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេក្នុងប្រទេសកម្ពុជា ដែលជំនាញ នៅក្នុងការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោងសំខាន់ៗជាច្រើនដូចជា NPPIA ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើប Olympia ជាដើម។

CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (RGC)ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល និង ក្រុមហ៊ុនOCIC ។

រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់ រចនាប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង NPPIA ។

លោក តូចចៅចេក ប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីកម្ពុជា បានបញ្ជាក់ថា៖ ធនាគារ ប្រៃសណីកម្ពុជា ក អ ជាធនាគារពាណិជ្ជក្នុងស្រុកដ៏ធំមួយ ក្នុងចំណោមធនាគារពាណិជ្ជល្បីៗឈានមុខនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងខែកញ្ញឆ្នាំ២០១៣ ក្រោមដៃគូយុទ្ធសាស្ត្ររវាងកាណាឌីយ៉ា អ៊ីនវែសមិន ហូលឌីង ប្រៃសណីកម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងហ្វូឡឹតុនហ្វាយណាន់ស៊ល្យហូលឌីង ។

ធនាគារមានសន្ទុះនៃការអភិវឌ្ឍន៍ និងរីកចម្រើនយ៉ាងខ្លាំង គិតត្រឹមរយៈពេលជាង៨ឆ្នាំចុងក្រោយនេះ ដោយធនាគារមានចក្ខុវិស័យក្លាយខ្លួនជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជនគ្រប់កម្រិតដើម្បីលើកកំពស់ជីវភាព និងជួយបំពេញបំណងនៃភាពរីកចម្រើនរបស់ប្រជាជនកម្ពុជា ហើយបង្កើតតម្លៃជានិរន្តរ៍ដល់ភាគទុនិក បុគ្គលិកនិងសង្គមផងដែរ ៕
ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២