ទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិនត្រូវបានរដ្ឋាភិបាលនៃប្រទេសទាំងពីរចាត់ទុកថា ជាទំនាក់ទំនងដែកថែប និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ដោយសារយទ្ធសាស្ត្រនេះ បានធ្វើឱ្យទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ។គ្រាន់តែក្នុងរយៈពេល ១០ខែក្នុងឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនបានកើនឡើងរហូតដល់១០៩៨០ លានដុល្លារ ។


បើយោងតាមស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលបានដកស្រងពីក្រសួងពាណិជ្ជកម្មរបស់ខ្លួនបានឱ្យដឹងថា រយៈពេល១០ខែនាឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងកម្ពុជាមានចំនួនឈានដល់១០៩៨០លានដុល្លារអាមេរិក មានកំណើន៤៥.៩%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ គឺជាតួលេខលើសពីចំនួនដែលថ្នាក់ដឹកនាំប្រទេសទាំងពីរបានប្តេជ្ញាកាលពីពេលមុនថានឹងឈានដល់កម្រិត១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣។ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ពិធីនាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិនលើកដំបូងត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ។ ផ្លែស្វាយបានក្លាយជាផ្លែឈើស្រស់ទីពីរ ដែលអាចនាំចេញទៅកាន់ប្រទេសចិន បន្ទាប់ពីផ្លែចេក។


ការដាំដុះដំណាំស្វាយកម្ពុជាមានការរំពឹងទុកថា អាចរីកចម្រើនកាន់តែខ្លាំង និងសម្រេចបានការអភិវឌ្ឍន៍លើសពីការកំណត់។ ស្ថានទូតចិនដដែលបានឱ្យដឹងបន្តទៀតថា យោងតាម“បញ្ជីឈ្មោះប្រទេស ឬតំបន់និងប្រភេទនៃជលផល ដែលអនុញ្ញាតនាំចូល និងបញ្ជីឈ្មោះសហគ្រាសដែលបានចុះបញ្ជី”ដែលចេញផ្សាយដោយរដ្ឋបាលគយប្រទេសចិន កម្ពុជាអាចនាំចេញជលផលទាំង៤ប្រភេទទៅកាន់ទីផ្សារចិនមានដូចជាបង្កងប៉ាក អន្ទង់ ត្រីរស់ និងខ្យង៕

