អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ចុះស្វែងរកអត្តពលិកពិការ ដែលមានសមត្ថភាពមកបណ្តុះបណ្តាលបន្ថែម ដើម្បីត្រៀមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ភ្នំពេញ ៖ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនេះ អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ឯកឧត្តម យី វាសនា បានអញ្ជើញចុះមកកាន់ខេត្តបាត់ដំបង និងខេត្តសៀមរាប ដើម្បីស្វែងរកអត្តពលិកពិការ ដែលមានសមត្ថភាពល្អ ៗ យកមកបណ្តុះបណ្តាលបន្ថែម ដើម្បីត្រៀមប្រកួតប្រជែងមេដាយជូនជាតិ។

ឯកឧត្តមអគ្គលេខាធិការ មានប្រសាសន៍ថា ក្នុងគោលដៅជ្រើសរើសកីឡាករ កីឡាការិនីជនពិការ ដែលមានទេពកោសល្យ យកមកហ្វឹកហាត់ដុះខាត់កម្រិតសមត្ថភាពរបស់ជនមានពិការភាព ទៅតាមប្រភេទកីឡាជំនាញរបស់ពួកគេ ដើម្បីត្រៀមដណ្តើមមេដាយជូនជាតិ ក្នុងឋានៈកម្ពុជាកំពុងត្រៀមលក្ខណៈ ត្រៀមឆ្ពោះទៅទទួលរៀបចំការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបញ្ចប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ប្រមាណ២សប្តាហ៍។ យុទ្ធនាការតាមបណ្តាខេត្តនេះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានធ្វើចំនួន៣រួចហើយ ក្នុងនោះមាន ខេត្តកំពង់ស្ពឺ បាត់ដំបង និងខេត្តសៀមរាប។

ឯកឧត្តម យី វាសនា បានអះអាងថា យុទ្ធនាការនេះនឹងបន្តទៅកាន់ខេត្តជាច្រើនទៀត ដើម្បីជ្រើសរើសឱ្យបានធនធានល្អៗលើប្រភេទកីឡាតាមជំនាញ ចំនួន២០០នាក់ រួមទាំងប្រតិភូគ្រូបង្វឹក មន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម និងអ្នកស្ម័គ្រចិត្ត ប្រមាណជា៣០០នាក់ទៀត ដើម្បីត្រៀមគ្រប់ទម្រង់ ដោយត្រៀមចូលរួមហែរក្បួនក្នុងពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ២០២២ ក្រៅអំពីគោលដៅប្រកួតប្រជែងមេដាយ ក្នុងឋានៈជាម្ចាស់ផ្ទះ។

គួរបញ្ជាក់ផងដែរថា បេសកកម្មរបស់ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈលេខាធិការប៉ារ៉ាឡាំពិកកម្ពុជា ជ្រើសរើសបានអត្តពលិកកីឡាជនពិការ លើប្រភេទកីឡាបាល់បោះរទេះ ប៊ូល និងប៉េតង់ ប៊ូស្យា បាល់ទះអង្គុយ និងប្រភេទកីឡាជនពិការជាច្រើនទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២