ភ្នំពេញ ៖ កម្ពុជាបានប្រកាសទទួលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ជើងឯកតំបន់អាស៊ីអាគ្នេយ៍ អាយុក្រោម២៣ឆ្នាំ នៅឆ្នាំ២០២២ ឬ ការប្រកួត Suzuki Cup 2022 ខណៈដែលពហុកីឡដ្ឋានជាតិមរតកតេជោទើបតែបើកសម្ភោធរួចរាល់កាលពីពេលថ្មីៗនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងពេលដ៏ឆាប់ខាងមុខនេះ កម្ពុជានឹងត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនៅឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏ធំមួយ និងជាមហាកិត្តិយសសម្រាប់កម្ពុជាសម្រាប់សមិទ្ធផលនេះ ។ យ៉ាងណាមិញមុនឈានចូលដល់ព្រឹត្តិការណ៍ស៊ីហ្គេមនោះ កម្ពុជាប្រកាសទទួលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ជើងឯកតំបន់អាស៊ីអាគ្នេយ៍ អាយុក្រោម២៣ឆ្នាំ នៅឆ្នាំ២០២២ ឬ ការប្រកួត Suzuki Cup 2022 ដើម្បីស្ទាបស្ទង់សមត្ថភាព និងបរិយាកាសការប្រកួតអន្តរជាតិជាលើកដំបូងមុនស៊ីហ្គេម ។
យោងតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាកាលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ថា កម្ពុជាបានទទួលសិទ្ធិធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ជើងឯកតំបន់អាស៊ីអាគ្នេយ៍អាយុក្រោម២៣ឆ្នាំ (AFF U23 Championship 2022)ដែលគ្រោងប្រកួតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ជាផ្លូវការហើយ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍នៃក្លិបបាល់ទាត់វិសាខា ដើម្បីស្ទាបស្ទង់សមត្ថភាពរៀបចំរបស់កម្ពុជាមុនស៊ីហ្គេមមកដល់។
គួរបញ្ជាក់ផងដែរថា ការប្រកួតបាល់ទាត់ជើងឯកអាស៊ាន ដែលមានសិទ្ធិចូលរួមការប្រកួតមានបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំង១១ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ មានក្រុមជម្រើសជាតិអូស្ដ្រាលី ក៏តែងតែចូលរួមប្រកួតប្រជែងផងដែរ សរុបមាន១២ប្រទេស។
លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានប្រសាសន៍ថា សម្រាប់ការប្រកួតជើងឯកអាស៊ានអាយុក្រោម ២៣ឆ្នាំ ឆ្នាំ២០២២ ក៏ដូចជាព្រឹត្តិការណ៍ប្រកួតអន្តរជាតិផ្សេងៗទៀត គឺជាផ្លូវតែមួយក្នុងដំណើរអភិវឌ្ឍន៍ឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផ្ទាល់តែម្តង ។ ដោយឡែកការទទួលធ្វើម្ចាស់ផ្ទះតែងតែផ្តល់នូវផលចំណេញច្រើន ដូចជាទទួលបានជាបទពិសោធន៍ នៃការរៀបចំផង និងផលប្រយោជន៍ជាសាធារណៈផង ដោយធ្វើឱ្យប្រជាពលរដ្ឋខ្មែរអាចចូលរួមគាំទ្រ ដែលជាចំណែកនៃការអភិវឌ្ឍវិស័យកីឡាកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ ៕
ដោយ៖ វិកគី


