តាមសំណើរសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន ៣ ដែលក្រុមហ៊ុនទាំងនោះ មានគម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទឹកប្រាក់វិនិយោគសរុបចំនួន ១៥,៤លានដុល្លារជាមួយការបង្កើតការងារជូនពលរដ្ឋធ្វើបានរាប់ពាន់កន្លែង។

ក្រុមហ៊ុនទាំង៣ ដែលទើបទទួលបានវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)នោះ រួមមាន៖
១-ក្រុមហ៊ុន“BOLITO GARMENT CO., LTD”មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៣៣៦កន្លែង។

២- ក្រុមហ៊ុន“XIN LI AN SHOES CO., LTD”មានគម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៦៨កន្លែង។

៣-ក្រុមហ៊ុន “NEW HM KNITTING CLOTHING (CAMBODIA) CO., LTD”មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤៣១កន្លែង៕
ដោយ៖ សំណាង