កម្ពុជាទទួលបានមូលនិធិពិសេសចំនួន២លានដុល្លារពីរដ្ឋាភិបាលចិន សម្រាប់អនុវត្តគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងចំនួន៩ នាឆ្នាំ២០២៣នេះ

ឯកឧត្ដម  ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស  និង សហប្រតិបត្តិ ការ អន្តរ ជាតិ នៃ ព្រះរាជាណាចក្រកម្ពុជា  និង ឯកឧត្ដម  វ៉ាង វិន ធាន (WANG Wentian) ឯកអគ្គ រដ្ឋ ទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំ កម្ពុជា នឹងអញ្ជើញចុះហត្ថលេខារួមគ្នា លើកិច្ចព្រមព្រៀងស្ដីពី មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ- ឡានឆាង ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥  ខែ មិថុនា  ឆ្នាំ ២០២៣  នៅទីស្ដីការក្រសួង។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា ក្នុងក្របខ័ណ្ឌមូលនិធិ ពិសេសនៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ឆ្នាំ២០២៣ គម្រោងកម្ពុជាសរុបចំនួន ០៩   នឹងទទួលបានការគាំទ្រហិរញ្ញវត្ថុ  ដែលមានទឹកប្រាក់ប្រមាណជា២.០០០.០០០ ដុល្លារអាមេរិក (ពីរលានដុល្លារអាមេរិក)។ គម្រោងទាំងនោះ នឹងផ្ដល់ផលកាន់តែច្រើននៅតាមវិស័យផ្សេងៗ រួមមាន៖ វិស័យដឹកជញ្ជូន និងឡូជីស្ទីក ប្រព័ន្ធព័ត៌មានវិទ្យា សន្តិសុខស្បៀង ការស្រាវជ្រាវ ការកសាងសមត្ថភាព ក៏ដូចជាការអភិរក្សបេតិកភណ្ឌជាដើម។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងទៀតថា ក្នុងរយៈពេល   ០៦   ឆ្នាំកន្លងមកនេះ   មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង បានផ្ដល់ជំនួយហិរញ្ញវត្ថុដល់គម្រោងប្រមាណជា ៨០ នៅកម្ពុជា។ ការអនុវត្តគំនិតផ្តួចផ្តើមសហការទាំងនេះ បង្ហាញពីការបន្តការប្តេជ្ញាចិត្តរបស់កម្ពុជា និងចិន ដើម្បីរួមចំណែកដល់ការកសាងសហគមន៍វាសនារួមនៃសន្តិភាព វិបុលភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព សម្រាប់បណ្ដាប្រទេសមេគង្គ-ឡានឆាងទាំងអស់៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២