ក្រុមហ៊ុនមួយគ្រោងបោះទុនវិនិយោគនូវទឹកប្រាក់ចំនួន ១៤លានដុល្លារ ដើម្បីសាងសង់ផ្សារទំនើបមួយនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ចំពោះគម្រោងវិនិយោគផ្សារទំនើបដ៏ធំនេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក៏បានចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុននេះរួចហើយដែរ កាលពីពេលថ្មីៗនេះ។


បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន“DRF-MART FA DAO JIA TRADING CO., LTD”រួចហើយ ដោយក្រុមហ៊ុននេះមានគម្រោងសាងសង់ផ្សារទំនើបធំមួយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយគ្រោងបោះទុនវិនិយោគចំនួន ១៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារជូនពលរដ្ឋធ្វើបានចំនួន ២២៧កន្លែង។


នេះជាការវិនិយោគនូវផ្សារទំនើបថ្មីមួយទៀត នៅលើទឹកដីនៃខេត្តមាត់សមុទ្រមួយនេះ ហើយសង្ឃឹមថា នៅពេលបន្តិចទៀតប្រជាពលរដ្ឋនៅក្នុងខេត្តនេះមិនខ្វះការងារធ្វើ និងមិនបាច់ធ្វើចំណាកស្រុកទៅរកការងារធ្វើនៅតាមបណ្តាខេត្តឆ្ងាយៗឡើយ៕


ដោយ៖ សំណាង