ជប៉ុនផ្តល់ឥណទានសម្បទាននូវទឹកប្រាក់សរុបជាង ១៨៨លានដុល្លារ សម្រាប់អនុវត្តគម្រោងតភ្ជាប់ផ្លូវថ្នល់ និងផ្គត់ផ្គង់ទឹក នៅកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងអញ្ជើញចុះហត្ថលេខារួមគ្នា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ លើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ដូចខាងក្រោម៖

១. ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២៣.៦៩២ លានយ៉េន (ប្រមាណ ១៧២,៩៣ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្ត “គម្រោងកែលម្អ ការតភ្ជាប់ផ្លូវជនបទ» និង២. ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២.០៨១ លានយ៉េន (ប្រមាណ ១៥,១៨ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្ត “គម្រោងពង្រីកសមត្ថភាព ផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប ដំណាក់កាលទី៣»។

 

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ការផ្តល់ជំនួយខាងលើ បញ្ជាក់ពីការប្ដេជ្ញាចិត្តឥតងាកររបស់ជប៉ុនក្នុងការគាំទ្រដល់កិច្ច ខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ការគាំទ្រនេះ ក៏នឹងរួមចំណែកផងដែរ ដល់ការពង្រឹងទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលនាពេលថ្មីនេះៗបានតម្លើងទំនាក់ទំនងទ្វេភាគី ទៅជាកម្រិត “ភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូត៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២