ភ្នំពេញ៖ ក្មេងទំនើងពីរនាក់បើកម៉ូតូដេញធាក់ទៅលើយុវជនមួយក្រុមទៀតដែលមានគ្នាច្រើនត្រូវបានខាងបក្ខពួកក្រុមគ្នាច្រើនឃាត់បានម្នាក់ព្រួតគ្នាវាយរងរបួសធ្ងន់ ចំណែកម្នាក់ទៀតជិះម៉ូតូរត់គេចខ្លួនទៅបាត់ ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង៣០រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេងទល់មុខផ្សារខេម៉ល សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែន ជ័យរាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីក្រុមយុវជន ដែលមានគ្នាច្រើនបានឱ្យដឹងថា នៅមុនពេលកើតហេតុពួកគេបានជិះម៉ូតូពីរគ្រឿងមានគ្នា៦នាក់ចេញពីក្លឹបG21 ម៉ូតូ១គ្រឿងជិះគ្នាបីនាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពីលិចមកកើត លុះមកដល់ចំណុចស្តុបទួលពង្រស្រាប់តែខាងជនរងគ្រោះដែលមានគ្នាពីរនាក់ជិះម៉ូតូ១គ្រឿងឌុបគ្នាបានឌឺដងសម្ដី ដាក់គ្នាទៅវិញទៅមក រួចខាងដែលមានគ្នាពីរនាក់នោះបានធ្វើសកម្មភាពធាក់មកលើខាងគេមានគ្នាច្រើន ភ្លាមៗនោះដែរក្រុមបក្ខពួករបស់គេបានជិះម៉ូតូប្រដេញតាមពីក្រោយរហូតមកដល់ចំណុចខាងលើជនរងគ្រោះភ័យស្លន់ស្លោបានជ្រុលទៅបុកនឹងរ៉ឺម៉កបណ្ដាលឲ្យដួលម៉ូតូត្រូវបានខាងក្រុមគ្នីគ្នាច្រើនចាប់ឃាត់ខ្លួនបានម្នាក់ព្រួតគ្នាវាយ និងមួកសុវត្ថិភាពបោកផង យកខ្សែវាយផងបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។ ចំណែកម្នាក់ទៀតបានលើកម៉ូតូជិះរត់គេចខ្លួនទៅចោលមិត្តភ័ក្ដិបាត់។

លុះក្រោយមកខាងសន្តិសុខយាមកាមនៅផ្សារខេម៉លបានរាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ធ្វើការឃាត់ខ្លួនភាគីទាំងសងខាងនាំទៅប៉ុស្តិ៍សួរនាំបន្តភ្លាមៗក្នុងហេតុការណ៍នោះដែរខាងបក្ខពួកបង្កបានរត់គេចខ្លួនពីរនាក់ សមត្ថកិច្ចឃាត់ខ្លួនបាន៤នាក់ប៉ុណ្ណោះ ។
បន្ទាប់ពីកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនជនបង្កទាំងបួននាក់ទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌចាត់ការតាមនិតិវិធីបន្ត ៕

ដោយ៖ វិសាល

