ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនឹងប្រើប្រាស់កម្លាំងជាង ២០០០នាក់ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់សម្រាប់បុណ្យភ្ជុំបិណ្ឌ និងបុណ្យកឋិនទាននាពេលខាងមុខនេះ ក្នុងនោះមានទាំងការដាក់កម្លាំងនៅតាមវត្តទាំង១៥០វត្ត ដោយសហការជាមួយកម្លាំងប្រជាការពារ។ ដាក់កម្លាំងនៅតាមគោលដៅចំនួន ៤៦គោលដៅ ដើម្បីល្បាតពួនស្ទាក់ សម្រួលចរាចរណ៍ជាមួយនឹងការបង្ការទប់ស្កាត់គ្រោះអគ្គិភ័យផងដែរ។ ការបញ្ជាក់នេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។


នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យអភិបាលខណ្ឌទាំង ១៤ និងកម្លាំងមានសមត្ថកិច្ចចំណុះគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ យកចិត្តទុកដាក់ក្នុងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន ពិសេសជួយមើលថែទ្រព្យសម្បត្តិជូនពលរដ្ឋ ខណៈដែលពលរដ្ឋចេញពីលំនៅដ្ឋាន ឬទីតាំងអាជីវកម្មដ្ឋាននៅភ្នំពេញទៅតាមបណ្ដាខេត្ត ឬស្រុកកំណើត។


អភិបាលរាជធានីភ្នំពេញ បានបន្តថា អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបែងចែកកម្លាំងចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋាន ដើម្បីមើលថែទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដោយសារថា ក្នុងពិធីបុណ្យនេះ ពលរដ្ឋភាគច្រើន ទៅស្រុកកំណើត ឬទៅតាមបណ្តាលខេត្តអស់ពីផ្ទះ ដែលកងកម្លាំងត្រូវមើលថែទ្រព្យសម្បត្តិជំនួសពលរដ្ឋ៕

ដោយ៖ ឧត្តម

