រាជធានីភ្នំពេញ៖ អតីតមន្ត្រីយោធាម្នាក់បានលោតសម្លាប់ខ្លួន ពីលើផ្ទះជាន់ទី៣ បោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ នៅតាមផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។


សមត្ថកិច្ចបានឲ្យដឹងថា សពបុរសដែលបានលោតសម្លាប់ខ្លននោះ មានឈ្មោះ សំ ឈន អាយុ៤២ឆ្នាំ ស្នាក់នៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។


បើតាមប្រភពព័ត៍មានពីក្រុមគ្រួសារសពបានឲ្យដឹងថា ជនរងគ្រោះអតីតជាមន្ត្រីយោធា តែដោយសារគាត់មានជំងឺប្រចាំកាយទើបឈប់សម្រាក់ពីការងារ ហើយកន្លងមករូបគាត់បានប៉ុនប៉ងលោតសម្លាប់ខ្លួនចំនួន២លើករួចមកហើយ តែត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅឯមន្ទីរពេទ្យទើបតែអាចដើរបានវិញរយៈពេលជាង២ខែ លុះមកដល់ថ្ងៃកើតហេតុនេះរូបគាត់បានឡើងលើដំបូលផ្ទះល្វែងខាងលើកំពស់ប្រហែលជាង១០ម៉ែត្រ ហើយបានលោតទម្លាក់ខ្លួនមកខាងក្រោមបណ្ដាលឲ្យបែកក្បាលស្លាប់។


បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងជំនាញនគរបាលខណ្ឌសែនសុខ សហការណ៍ជាមួយកម្លាំងការិយាល័យបច្ចេកទេស និងកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកពិនិត្យសពនៅទីតាំងកើតហេតុ ដោយសមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា សពបុរសរូបនេះ ពិតជាបានធ្វើអត្តឃាតលោតសម្លាប់ខ្លួនពិតប្រាកដមែន ហើយសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ វិសាល

