ផ្អើលមួយភូមិ សពស្ដ្រីម្នាក់ត្រូវបានគេយកទៅផ្លុងចោលនៅក្រោមដើមឈើក្នុងស្រុកបាទី ដែលគេសង្ស័យថាជាស្នាដៃម្ចាស់គ្លីនិកឯកជនមួយ

(តាកែវ)៖ សាកសពស្ដ្រីម្នាក់ ត្រូវបានគេប្រទះឃើញ នៅក្រោមដើមឈើ ដែលគេយកមកផ្លុងចោល បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅចំណុចភូមិម្រះព្រៅខាងកើត ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំហានដំបូងបានបញ្ជាក់ថា សាកសពស្ដ្រីរូបនេះ ស្លាប់ដោយសារប្រតិកម្មថ្នាំ ហើយត្រូវបានម្ចាស់គ្លីនិក យកមកផ្លុងចោល។

តាមការបញ្ជាក់របស់ក្រុមគ្រួសារបានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកាម្សិលមិញស្ដ្រីរងគ្រោះឈ្មោះ ណាំ ចន្ធូ និងកូនតូចអាយុ៣ឆ្នាំ ជិះម៉ូតូចេញពីផ្ទះទៅគ្លីនិកមួយកន្លែង ដើម្បីចាក់ថ្នាំ ប៉ុន្ដែមិនឃើញត្រឡប់មកផ្ទះវិញឡើយ។ ក្រោយមកក្រុមគ្រួសារបាននាំគ្នាដើររក ស្រាប់តែប្រទះឃើញម៉ូតូ និងកូនតូច តែមិនទាន់រកឃើញស្ដ្រីជាម្ដាយនៅឡើយ។

រហូតដល់ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ស្រាប់តែមានសេចក្ដីរាយការណ៍ថា ស្ដ្រីរងគ្រោះត្រូវបានគេប្រទះឃើញស្លាប់ នៅក្រោមដើមឈើមួយកន្លែង។

ទាក់ទិនករណីនេះ លោកឧត្តមសេនីយត្រី ហ៊ិន សុខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តតាកែវ បានប្រាប់បណ្ដាញព័ត៌មានរបស់យើងឲ្យដឹងថា តាមរយៈការធ្វើកោសល្យវិច្ឆ័យសមត្ថកិច្ចបានសន្និដ្ឋានថា ស្ដ្រីរងគ្រោះស្លាប់ដោយសារការប្រតិកម្មថ្នាំ។ ដោយឡែក ម្ចាស់គ្លីនិកឯកជនដែលចាក់ថ្នាំឲ្យស្ដ្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីធ្វើការសួរនាំផងដែរ។ស្ដ្រីម្ចាស់គ្លីនិក ដែលត្រូវបានឃាត់ខ្លួននោះឈ្មោះ ស៊ុន​ ម៉ារីណា អាយុ៣៩ឆ្នាំ មុខរបរជាវេជ្ជបណ្ឌិត។

 

ស្ដ្រីម្ចាស់គ្លីនិកខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២