ភ្នំពេញ:៖ យុវជនពីរនាក់រួមគំនិតគ្នាយកម៉ូតូទៅដាក់បញ្ចាំលេងល្បែងស៊ីសងអស់លុយរួចក៏យកម៉ូតូមួយគ្រឿងទៀតទៅដាក់បន្តរំលួសយកម៉ូតូមុនមកជិះវិញត្រូវបានក្រុមគ្រួសារភាគីម្ខាងទៀតដឹង ហើយខឹងបាននាំគ្នារៀបគម្រោងស្ទាក់ឃាត់ខ្លួន។ហេតុការណ៍នេះបានកើតឡើងកាលម៉ោង៧ និង៣៥នាទីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុចផ្លូវបំបែកស្តុបទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។យុវជនទាំងពីរនាក់ជាមិត្តភ័កិ្កនឹងគ្នាបច្ចុប្បន្នរស់នៅខណ្ឌឫស្សីកែវរាជធានីភ្នំពេញ ។


ប្រភពព័ត៌មានបានបញ្ជាក់ពីភាគីម្ចាស់ម៉ូតូស៊ុយស៊ីគីនិចបានឲ្យដឹងថា ខ្លួនបានយកម៉ូតូទៅដាក់បញ្ចាំនៅឃ្លាំងរំសេវចំនួន៥០០ដុល្លារបន្ទាប់មកក៏ចាយវាយលុយនោះអស់ រួចហើយស្រាប់តែមិត្តភ័ក្ដិរបស់ខ្លួនថាចង់ជិះម៉ូតូនិចនៅពេលនោះខាងម្ចាស់ម៉ូតូនិចប្រាប់ថា បើអ៊ីចឹងអាម៉ាកឯងយកម៉ូតូឯងម៉ាកហុងដាប៊ីតនេះទៅបញ្ចាំទៅរួចហើយរំលួសយកម៉ូតូនិចរបស់គ្នាមកជិះវិញទៅ បន្ទាប់មកអ្នកទាំងពីរបានព្រមព្រៀងគ្នារួចក៏យកម៉ូតូហុងដាប៊ីតទៅដាក់បញ្ចាំចំនួន៧០០ដុល្លារ រួចហើយក៏ទៅរំលួសយកម៉ូតូនិចមកជិះវិញអស់ចំនួន៥០០ដុល្លារនៅសល់លុយចំនួន២០០ដុល្លារស្រាប់តែអ្នកទាំងពីរបានចែកលុយគ្នាយកទៅលេងល្បែងស៊ីសងអស់លុយរៀងៗខ្លួន។ ចំណែកម៉ូតូវិញជិះបានតែមួយថ្ងៃប៉ុណ្ណោះ ត្រូវបានម្ចាស់ដើមដកយកវិញលែងឱ្យជិះស្រាប់តែបែកធ្លាយរឿងដល់ឪពុកម្ដាយខាងម្ចាស់ម៉ូតូហុងដាប៊ីតខឹងយ៉ាងខ្លាំងបានរៀបគម្រោងតាមដានឱ្យកូនរបស់ខ្លួនលួងលោមតេទូរស័ព្ទទាក់ទងទៅយុវជនម្ចាស់ម៉ូតូនិចណាត់ជួបគ្នាក៏ឃាត់ខ្លួនទុកតែម្ដងទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗសួរនាំទៅ រឿងរ៉ាវកើតហេតុនៅទឹកដីខណ្ឌទួលគោក ដែលអ្នកទាំងពីរយកម៉ូតូទៅបញ្ចាំនោះសមត្ថកិច្ចក៏ដកហូតត្រឡប់មកគោលដៅវិញ។


បន្ទាប់ពីកើតហេតុដោយភាគីម្ចាស់ម៉ូតូនិចបានទាក់ទងទៅឪពុកម្ដាយរបស់ខ្លួនឱ្យមកដោះស្រាយគ្នាជាមួយនឹងឪពុកម្ដាយខាងម្ចាស់ម៉ូតូហុងដាប៊ីតរួចហើយនាំគ្នាទៅរំលួសយកម៉ូតូមកសងវិញដើម្បីបញ្ចប់រឿងតែម្តង៕

ដោយ៖ វិសាល

