ភ្នំពេញ៖ គ្រាន់តែឮឈ្មោះ«ផ្ទះលេខ១ ផ្ទះលេខ២ »បងប្អូនមួយចំនួនប្រាកដជាធ្លាប់បានទស្សនាកម្មវិធីមួយនេះរួចមកហើយ ដែលតែងតែផ្ដល់នូវចំណីអារម្មណ៍សប្បាយរីករាយ ដោយសារភាពកំប្លុកកំប្លែងសម្តែងដោយក្រុមសិល្បៈ ដ៏មានទេពកោលស្យ បង្កប់ទៅដោយតម្លៃអប់រំប្រមូលផ្តុំសុទ្ធតែតារាកំប្លែងល្បីៗនៅក្នុងកម្មវិធីដ៏មានប្រជាប្រិយភាពមួយនេះផងដែរ។


កម្មវិធីនេះនឹងវិលត្រឡប់មកវិញជាថ្មី ផ្ដល់ជូននូវផ្ទាំងទស្សនីយភាពមានគ្រប់រសជាតិ តាមរយៈការចូលរួមពីតារាកំប្លែងល្បីៗជាច្រើនក្នុងស្រុក តារាកិត្តិយសជាច្រើនរូប ព្រមជាមួយនឹងបុគ្គលមានឥទ្ធិពលនៅក្នុងសង្គមមួយចំនួន ដែលនឹងចូលមកបម្រើអារម្មណ៍ទស្សនិកជនបានសើចសប្បាយ រសាយអស់ទុក្ខកង្វល់សល់តែស្នាមញញឹម។
គោលបំណងដែលស្ថានីយ៍ទូរទស្សន៍ថោនរួមសហការជាមួយក្រុមហ៊ុនBEER GANZBERG បង្កើតកម្មវិធីនេះឡើង ដោយមើលឃើញថាបច្ចុប្បន្ននេះមានមហាជនជាច្រើនដែលប្រើប្រាស់បណ្ដាញសង្គម ធ្វើឱ្យមានភាពស្រ្តេសតានតឹង ដោយសារតែការមមារញឹកក្នុងរបររកស៊ី និងអាជីពការងារ ហើយរឿងរ៉ាវដែលកើតមានឡើងខ្លះធ្វើឲ្យអ្នកលេងបណ្តាញសង្គមកាន់តែតានតឹង។ ហេតុដូច្នេះហើយទើបស្ថានីយទូរទស្សន៍ថោនសម្រេចបង្កើតកម្មវិធីនេះឡើងដើម្បីផ្ដល់នូវចំណីអារម្មណ៍ថ្មី ថែមទាំងបង្កប់តម្លៃអប់រំ និងជាពិសេសផ្ដល់ឱកាសឲ្យតារាកិត្តិយសជាច្រើនបានចូលរួមចាប់ដៃគ្នាជាមួយអ្នកកំប្លែងក្នុងស្រុក បង្កើនបរិយាកាសកាន់តែរីករាយនៅក្នុងកម្មវិធីនេះ។


លោកតាវិចទ័រ អ្នកដឹកនាំសម្ដែងរឿងកំប្លែងដ៏ឆ្នើមនៅក្នុងប្រទេសកម្ពុជា លោកបានដាក់ក្តីរំពឹង និងសំណូមពរឲ្យពលរដ្ឋខ្មែរចូលរួមគាំទ្រកម្មវិធីនេះឲ្យបានច្រើន ដែលជាកម្មវិធីផលិតឡើងដោយស្នាដៃកូនខ្មែរ ដើម្បីផ្ដល់ភាពរីករាយដល់កូនខ្មែរ ពិសេសគឺមានតម្លៃអប់រំពីក្រៅការលេងកំប្លែង ។
ដូច្នេះកុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នាថានឹងមានអ្វីប្លែកនៅក្នុងពេលឆាប់ៗខាងមុខនេះ តើរសជាតិថ្មីមួយនេះ បែបណាកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាណាបងប្អូន ដោយមានការផ្សាយលើកញ្ចក់ទូរទស្សន៍ថោន និង facebook page ឧបសម្ព័ន្ធជាច្រើនទៀត ៕


ដោយ៖ វិគី

