ខេត្តក្រចេះ៖ ដីច្រាំងទន្លេមួយកន្លែងបានបាក់ស្រុតប្រវែងប្រមាណជា៥០ម៉ែត្រ នៅចំណុចភូមិព្រែកសណ្តាយ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ បណ្តាលឱ្យខូចខាតផ្លូវបេតុង ផ្ទះប្រជាពលរដ្ឋ និងបំពង់ទឹក ខណៈអាជ្ញាធរបានបិទចរាចរណ៍ និងជម្លៀសប្រជាពលរដ្ឋចំនួន ៧គ្រួសារ ទៅកាន់ទីតាំងមានសុវត្ថិភាពជាបណ្តោះអាសន្ន។


តាមសេចក្តីរាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦បានឱ្យដឹងថា ករណីបាក់ស្រុតដីមាត់ច្រាំងទន្លេនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ១និង៣០នាទីរសៀល ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។
តាមការចុះពិនិត្យនៅទីតាំងកើតហេតុ ការបាក់ស្រុតដីមានប្រវែងប្រមាណជា៥០ម៉ែត្រ ទទឹង ៥ម៉ែត្រ និងជម្រៅប្រមាណ ៨ម៉ែត្រ ហើយបានរូងចូលក្រោមផ្លូវបេតុងប្រមាណ ៣ម៉ែត្រ។ ស្ថានភាពនេះបានធ្វើឱ្យផ្លូវមាន ស្នាមប្រេះ និងកំពុងប្រឈមនឹងហានិភ័យបាក់ស្រុតបន្ថែម។
ក្រៅពីនេះ ផ្ទះប្រជាពលរដ្ឋចំនួន ១ខ្នង បានបាក់ស្រុតចូលទៅក្នុងរណ្តៅ ខណៈបំពង់ទឹកនៅតំបន់កើតហេតុក៏បានដាច់ផងដែរ។ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ អាជ្ញាធរបានសម្រេច បិទចរាចរណ៍ទាំងស្រុង នៅលើកំណាត់ផ្លូវបេតុងដែលរងផលប៉ះពាល់ និងបានជម្លៀសប្រជាពលរដ្ឋចំនួន ៧គ្រួសារ ស្មើនឹង ៣៦នាក់ ក្នុងនោះមានស្ត្រី ១៧នាក់ ទៅកាន់ទីតាំងមានសុវត្ថិភាពជាបណ្តោះអាសន្ន។
នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំងកើតហេតុ ខណៈអាជ្ញាធរមូលដ្ឋានក៏កំពុងបន្តតាមដានស្ថានភាពយ៉ាងដិតដល់ ដោយសារតំបន់នេះនៅតែមានហានិភ័យនៃការបាក់ស្រុតបន្ថែម៕

ដោយ៖ វិសាល

