សមត្ថកិច្ចបង្ហាញមុខជនសង្ស័យចំនួន២០នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម លួច ប្លន់ និងហិង្សាចំនួន៦ករណី

ភ្នំពេញ ៖ ជនសង្ស័យចំនួន២០នាក់ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម,លួចប្លន់ និងហិង្សាចំនួន៦ករណីត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញសហការជាមួយតាមបណ្ដាខណ្ឌនានា បង្ក្រាបបានជាបន្តបន្ទាប់ និងយកមកបង្ហាញមុខជាសាធារណៈរួមគ្នា កាលពីរសៀលថ្ងៃទី២១ខែតុលា ឆ្នាំ២០២៥ ។

លោកវរសេនីយ៍ឯក ម៉ម សាវន សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានឱ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ និងអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានសហការជាមួយអធិការដ្ឋាននានាធ្វើការស្រាវជ្រាវ បង្រាបបន្តបន្ទាប់ក្នុងរយៈ៥ថ្ងៃបានចំនួន ០៦ ករណី និងឃាត់ខ្លួនជនសង្ស័យសរុបទាំអស់ចំនួន២០នាក់។

 

លោកវរសេនីយ៍ឯក ម៉ម សាវនបានឱ្យដឹងទៀតថា នៅក្នុងចំណោម ៦ករណី រួមមាន ករណីទី១៖ ប៉ុនប៉ងឃាតកម្ម និងអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ប្លន់ ម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ ខ្មៅសេរីឆ្នាំ២០២៥ ពាក់ផ្លាកលេខភ្នំពេញ១LQ-៥៧២១ មិនបានសម្រេច ប្រព្រឹត្តនៅចំណុច មហាវិថីឈ្នះឈ្នះ ក្រុម១៤ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ វេលាម៉ោង៤និង៣០នាទីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ហើយកាប់ និងចាក់ ជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ។

ករណីទី២៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ធាក់ និងកាប់ ប្លន់យកម៉ូតូម៉ាកហុង ដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៥ ពាក់ផ្លាកលេខភ្នំពេញ១LM-៤៧១១) ចំណុចមុខស្ថានីយប្រេងឥន្ទនៈកាល់តិច ផ្លូវបេតុង៣០ម៉ែត្រ ស្ថិតនៅភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ពីករណីខាងលើសមត្ថកិច្ចបង្ក្រាបបានដោយឃាត់ជនសង្ស័យចំនួន០៥នាក់។

 

ករណីទី៣៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ព្រួតគ្នាយកដៃ ជើង មួកសុវត្ថិភាព ដុំថ្ម និងកាំបិតប៉័ងតោ ដេញវាយ គប់ និងគាប់លើជនរងគ្រោះរួចនាំគ្នាកាប់ម៉ូតូបណ្តាលឲ្យខូចខាតចំនួន០២គ្រឿង ប្រព្រឹត្ត នៅចំណុចផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨និងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ។

ករណីទី៤៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់កាំបិតប៉័ងតោ ដាវកែច្នៃ កាប់លើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ឃាត់ជនសង្ស័យចំនួន១១នាក់។

 

ករណីទី៥៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ដោយក្លែងបន្លំជាសមត្ថកិច្ច ប្រើអាវុធខ្លី ម៉ាក Glock (បាញ់គ្រាប់កាំកង់) ប្លន់យកម៉ូតូ ម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេញ១ KO-១២០០មួយគ្រឿង ប្រព្រឹត្តនៅចំណុចផ្លូវចាក់សំរាម ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ឃាត់ជនសង្ស័យចំនួន១នាក់។

ករណីទី៦៖ អំពើលួចមានស្ថានទម្ងន់ទោស (លួចយកម៉ូតូចំនួន ០៣គ្រឿង) ប្រព្រឹត្តនៅចំណុច ផ្ទះជួល ផ្លូវបេតុង ភូមិឈ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ០៣ និង ២៨នាទី ទាបភ្លឺ ឱ្យសមត្ថកិច្ចឃាត់បានចំនួន ៣នាក់។

 

ក្នុងនោះដកហូតវត្ថុតាងរួមមាន៖ ចបជីក , ដងឆ័ត្រ , ត្រសេះ , កាំបិតផ្គាក់ , កាំបិតបុ័ងតោ , ដាវសាំម៉រ៉ៃ , កាំបិតចុងស្រួច , កាំភ្លើងហ្គាស ( ប្រើគ្រាប់កង់ ) , មួកសុវត្ថិភាព , ស្លាកលេខចំនួន ២ នឹងម៉ូតូចំនួន ១០គ្រឿង ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២