ព្រោះតែរឿងនេះ…កូនប្រសារវ័យ៦៤ឆ្នាំ ទាញដាវដេញកាប់ឪពុកក្មេកវ័យ៥៨ឆ្នាំបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរដេរ១៦ថ្នេរ

ខេត្តកំពង់ស្ពឺ ៖ កូនប្រសារវ័យចំណាស់ចិត្តស្លុយខ្លាំងណាស់បានទាញដាវកាប់ទៅលើឪពុកក្មេកបណ្តាលឱ្យ​រង​របួស​ដៃ​ខាងឆ្វេង​ដេរ​ចំនួន​១៦​ថ្នេរ ដោយសារតែទាស់​ពាក្យ​សម្ដី​ជាមួយ​ប្រពន្ធ​វ័តក្មេង​បន្តិចបន្តួចបានបង្កឱ្យមានការភ្ញាក់ផ្អើលពេញភូមិ។ករណី​ហិង្សា​កូនប្រសា​រវ័យ​ចំណាស់​ទាញ​ដាវ​កាប់​ឪពុកក្មេក​នេះបានកើតឡើងកាលពី​វេលា​ម៉ោង​០២ ​និង​៥៤​នាទី​រសៀល​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២៦ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ជ្រៃ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

បើតាមនគរបាល​ស្រុក​គងពិសី​បាន​ឱ្យ​ដឹង​ថា ជន​ដៃដល់​ជា​កូនប្រសារ​ត្រូវ​នគរបាល​ឃាត់​ខ្លួននោះ​មានឈ្មោះ ប្រាក់ សុ​ផាត អាយុ​៦៤​ឆ្នាំ ស្នាក់​នៅ​នៅ​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ​ជាមួយ​ប្រពន្ធ ។ ចំណែក​ឪពុកក្មេក​មានឈ្មោះ ឡុ​ង ប៊ុ​ន​លី ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

 

សមត្ថកិច្ច​ស្រុក​គង​ពិសី​បាន​បន្ត​​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​ដៃដល់​ជា​កូនប្រសារ​បាន​ជិះ​រ៉ឺ​ម៉ក​ពី​ទិស​ខាងត្បូង​មក​ទិស​ខាងជើង លុះ​ពេល​មក​ដល់​មុខ​ផ្ទះ​របស់ ឈ្មោះ ឡុ​ង ប៊ុ​ន​លី ដែល​ជា​ឪពុកក្មេក ​ក៏​បានឈប់ ហើយ​ស្រែកហៅ​ប្រពន្ធ​ឈ្មោះ លី​ម ស្រី​កា អាយុ​២៧​ឆ្នាំ ដែល​កំពុង​នៅ​ក្នុងផ្ទះ​នោះ​ឱ្យ​យក​ទូរស័ព្ទ​មក​ឱ្យខ្លួន ពេល​ប្រពន្ធ​ហុច​ទូរស័ព្ទ​ឱ្យ ស្រាប់តែ​បុរស​ជា​ប្តី​វ័យ​ចំណាស់​នោះ​បានបោក​ទូរ​ស័ព្ទ​ចោល រួច​ក៏​បាន​ដើរ​ចូល​ក្នុងផ្ទះ​ដោយ​មាន​កាន់​ដាវ​ថែម​ទៀតផង​។

 

បន្ទាប់​មក ក៏​បាន​ឈ្លោះប្រកែក​គ្នា ជាមួយ​ជន​រង​គ្រោះ ឡុ​ង ប៊ុ​ន​លី (​ជា​ឪពុកក្មេក ) ពេល​នោះ​ឈ្មោះ​ឡុ​ង ប៊ុ​ន​លី បាន​ទាញ​ចបជីក វាយ​លើ​ជនសង្ស័យបណ្តាល​ឱ្យ​រង​របួស​ហើម​ដៃ ពេល​នោះ​ជនសង្ស័យ​ជា​កូនប្រសា​រវ័យ​ចំណាស់​បាន​ទាញ​ដាវ​ដេញ​កាប់​ជន​រង​គ្រោះ​ដែល​ត្រូវជា​ឪពុកក្មេក ចំ​ដៃ​ខាងឆ្វេង បណ្តាល​ឱ្យ​ដាច់​សរសៃរង​របួសធ្ងន់ ​ដេរ​ចំនួន​១៦​ថ្នេរ ។

 

ភ្លាមៗនោះ សាច់ញាតិ​ក្រុម​គ្រួ​សារបាន​បញ្ជូន​យក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ រីឯ​ជន​ដៃដល់​បាន​ឡើង​ជិះ​រ៉ឺ​ម៉ក​រត់គេច​ខ្លួន​ទៅ​ស្រុក​កំណើត​បាត់ នៅ​ក្នុងភូមិ​ព្រៃ​ពាយ ​ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

 

សមត្ថកិច្ចនគរបាល​ស្រុក​គងពិសី​បាន​បញ្ជាក់​ថា ក្រោយ​ទទួល​ព័ត៌មាន​រួច​មក កម្លាំង​ជំនាញ​សហការជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃ​វិហារ​ប៉ុស្តិ៍​​រដ្ឋបាល​ទួល​អំ​ពិស ស្រុក​ប​សេដ្ឋ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បានភ្លាមៗ ។

បច្ចុប្បន្ន ជនសង្ស័យ​ដៃដល់​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គង់​ពិសី ដើម្បី​កសាង​សុំ​ណុំ​រឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២