នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online នៅអគារ Golden One ជាន់ទី៣០ កាលពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅផ្លូវលេខ៣៦០ ភូមិ៧ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនខ្លួនសង្ស័យបានចំនួន៦៥នាក់ ។


ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលរាជធានីភ្នំពេញបានដកហូតសម្ភារវត្ថុតាងមានដូចជា កុំព្យួរទ័រ និងទូរស័ព្ទជាច្រើនគ្រឿង ដែលពួកគេប្រើដើម្បីបង្កើតរូបភាពក្លែងក្លាយ នៃការអូសទាញការវិនិយោគពីបរទេស។


ជនសង្ស័យចំនួន ៦៥នាក់ ដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននោះ ក្នុងនោះមានជនជាតិចិន០៨នាក់ (ប្រុស) , ជនជាតិខ្មែរ៥៧ នាក់ (ស្រី២៧នាក់) ។ ដោយដកហូតវត្ថុតាង និងសម្ភារពាក់ព័ន្ធរួមមាន ៖ កុំព្យូទ័រ ALL in One ចំនួន៨៩ គ្រឿង , ម៉ូនីទ័រ០១គ្រឿង , CPU ០១ គ្រឿង , ទូរស័ព្ទបម្រើឱ្យបទល្មើសចំនួន៣៨៤គ្រឿង និងស៊ីមកាតអន្តរជាតិ មួយចំនួនធំ រួមទាំងវត្ថុតាងពាក់ព័ន្ធផ្សេងទៀតផងដែរ ។


ជនសង្ស័យទាំង៦៥នាក់ និងវត្ថុតាងពាក់ព័ន្ធ ត្រូវបានបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការបន្តទៅតាមផ្លូវច្បាប់៕

ដោយ៖ ឧត្តម

