រថយន្តទំនើង១គ្រឿង ដែលបើកបរបង្កឲ្យមានសម្លេងរំខានត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ម្ចាស់ យកទៅអប់រំ​ ហើយរក្សាទុករថយន្ត១ខែបានឱ្យវិញ!

ភ្នំពេញ៖ ដោយមានការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីរថយន្តចំនួន៣គ្រឿងបានបំពាក់បំពង់ស៊ីម៉ាំងកែច្នៃ បើកបរបង្កសម្លេងលាន់លឺខ្លាំង រំខានដល់ប្រជាពលរដ្ឋ នៅចំណុចភូមិ១ (តំបន់បឹងកក់) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាវេលាម៉ោង០១ និង៤៥នាទីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញ បានចុះដល់ទីតាំងធ្វើការស្រាវជ្រាវ រហូតឃាត់បានរថយន្តមួយគ្រឿងម៉ាក MERCEDES ពាក់ស្លាកលេខកម្ពុជា MENG.AMG នៅចំណុចស្តុបពេទ្យចិន សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រួមទាំងម្ចាស់ឈ្មោះ ជឹម ចាន់ កែ ភេទប្រុស អាយុ៣៤ឆ្នាំ។

ម្ចាស់រថយន្តត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការព្រមានអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំង រថយន្តឲ្យលឺខ្លាំង ខុសលក្ខណៈបច្ចេកទេស ដែលបង្កការរំខានក៏ដូចជា បង្កការភ័យខ្លាច ដល់សាធារណៈជនតទៅទៀត ព្រមទាំងឃាត់រថយន្តរក្សាទុកបណ្ដោះអាសន្ន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រយៈពេល១ខែ៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២