រយៈពេល៨ថ្ងៃ ចុងខែមីនា ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ កម្ពុជាបានបន្តធ្វើកាបណ្ដេញចេញជនបរទេសសរុបចំនួន ១,៥២៨នាក់ ក្នុងនោះស្រី២៣២នាក់ ,មាន២៣សញ្ជាតិ រួមមាន ៖ យ៉ូហ្គង់ដា កេនយ៉ា នេប៉ាល់ ចិន ឥណ្ឌា បង់ក្លាដេស ប៉ាគីស្ថាន ចិនតៃវ៉ាន់ បេឡារូស វៀតណាម ឥណ្ឌូនេស៊ី ហ្គាណា អាហ្រិ្វកខាងត្បួង អង់គ្លេស ប៊ូរុនឌី កាមេរូន រវ៉ាន់ដា អូស្ត្រាលី នីហ្សេរីយ៉ា ជប៉ុន ស្រីលង្កា ហ្វីលីពីន និងមីយ៉ាន់ម៉ា។


ក្នុងចំណោមជនជាតិបរទេស ដែលត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជានោះគឺមានជនជាតិចិនចំនួន ៣២៧នាក់ (ស្រី ២០នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញតាមរយៈជើងយន្តហោះពិសេសនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងជនបរទេសមួយចំនួនទៀតពាក់ព័ន្ធករណីលួចឆ្លងដែន បន្លំឯកសារក្លែងក្លាយ ស្នាក់នៅគ្មានលិខិតឆ្លងដែន ចាប់ជំរិតទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ( QR Code ក្លែងក្លាយ) ឆបោកតាមប្រព័ន្ធអនឡាញ និងធ្វើការងារខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។


អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថា ការបណ្ដេញចេញជនជាតិបរទេសទាំងអស់នេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

ដោយ៖ វិចិត្រ

