សមត្ថកិច្ចឆ្មក់ចូលបង្ក្រាបទីតាំងប្រព្រឹត្តិបទល្មើស Online Scam នៅកាស៊ីណូមួយកន្លែងក្នុងខេត្តស្វាយរៀង ដោយឃាត់ខ្លួនជនសង្ស័យ១០៧នាក់ និងទូរស័ព្ទដៃជាង១ពាន់គ្រឿង

ក្រុមប្រតិបត្តិការចម្រុះដឹកនាំដោយ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ ដោយមានការដឹកនាំសម្របសម្រួលនីតិវិធី ពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះត្រួតពិនិត្យឆែកឆេរទីតាំងក្រុមហ៊ុនកាស៊ីណូ សៀងហៃ រីហ្សត ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង បន្ទាប់ពីរកឃើញតម្រុយសង្ស័យពាក់ព័ន្ធការលបលួចធ្វើអាជីវកម្មអនឡាញខុសច្បាប់។

ប្រតិបត្តិការនេះ ធ្វើឡើងស្របតាមច្បាប់ និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងគត់ម៉ត់បំផុតពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយមានឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិជាប្រតិបត្តិករដឹកនាំការអនុវត្តយ៉ាងយកចិត្តទុកដាក់។

 

ជាលទ្ធផល ប្រតិបត្តិការនៅក្នុងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ កម្លាំងចម្រុះ បានរកឃើញជនបរទេស១០៧នាក់ ក្នុងនោះ មានស្រី២៦នាក់ សរុបស្មើ៤សញ្ជាតិ រួមមានជនជាតិចិន៦៧នាក់ ស្រី៧នាក់ (មានលិខិតឆ្លងដែន៥៨ក្បាល) ឥណ្ឌូនេស៊ី ២១នាក់ ស្រី៩នាក់ (មានលិខិតឆ្លងដែន១៧ក្បាល) មីយ៉ាន់ម៉ា២នាក់ ស្រី (មានលិខិតឆ្លងដែន) និង វៀតណាម១៧នាក់ ស្រី៨នាក់ (មានលិខិតឆ្លងដែន១៧ក្បាល)។

ក្រៅពីជនពាក់ព័ន្ធខាងលើ សមត្ថកិច្ចបានរកឃើញឧបករណ៍សម្ភារៈ មានកំព្យូទ័រលើតុ ALL IN ONEចំនួន​ ៨៩គ្រឿង, កំព្យូទ័រយួរដៃ ៥៧គ្រឿង, iPad ៧៣គ្រឿង, MONITOR ១គ្រឿង, ទូរស័ព្ទដៃចម្រុះម៉ាក ១,៤២១គ្រឿង,ម៉ាស៊ីន PRINTER ១គ្រឿង និងទូដែក៧។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

 

ផ្អែកតាមសកម្មភាពត្រួតពិនិត្យឆែកឆេរជាក់ស្តែង សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ក្នុងចំណោមអ្នកពាក់ព័ន្ធ មានជនសង្ស័យ៤នាក់ បានប្រព្រឹត្ត សកម្មភាពលបលួចធ្វើអាជីវកម្មល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់ តាមរយៈ វេបសាយ BABY SLOT និង២នាក់ទៀត ជាប់ពាក់ព័ន្ធនឹងករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM)។

 

ជនសង្ស័យ៤នាក់ បានកសាងសំណុំរឿង និងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងប្រគល់ជនសង្ស័យ២នាក់ទៀត រួមនឹងវត្ថុតាងពាក់ព័ន្ធ ឱ្យទៅកម្លាំងស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធី ជាប់ពាក់ព័ន្ធនឹងករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM)។ ចំណែកជនបរទេសចំនួន១០១នាក់ផ្សេងទៀត បានបញ្ជូនទៅកាន់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបន្តនីតិវិធី៕

  

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២