ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវឃាត់ខ្លួនជនជាតិជប៉ុន៥នាក់ និងចិន៣នាក់ នៅអគារខុនដូ JD Polman ស្ថិតក្នុងភូមិបន្លាស្អិត សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam។


ក្នុងប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងក្រោមការបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងអាជ្ញាធរខណ្ឌសែនសុខ និងដោយមានការសម្របសម្រួលពី លោក ជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ។
ក្នុងនោះក្រុមការងារបានត្រួតពិនិត្យរកឃើញសម្ភារៈដែលបម្រើដល់ បទល្មើសរួមមានៈទូរសព្ទ ចំនួន ១៤គ្រឿង, CPU ១គ្រឿង, monitor ចំនួន ១ គ្រឿង, iPad ៣គ្រឿង, អាវនគរបាលជប៉ុន ចំនួន៥ និងមួកនគរបាលជប៉ុន ២, និងឯកសារនគរបាលក្លែងក្លាយ មួយចំនួន។

លទ្ធផលកោសលវិច័យរកឃើញ ជនសង្ស័យជាជនជាតិជប៉ុនបានប្រើប្រទេសកម្ពុជាប្រព្រឹត្តបទល្មើសឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា ក្រោមរូបភាពក្លែងជាសមត្ថកិច្ចជប៉ុន និងប្រើប្រាស់ឯកសារក្លែងក្លាយ មានបណ្ដឹង, កិច្ចសន្យា និងដីការចាប់ គោលដៅទៅប្រទេសជប៉ុន ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានបញ្ជូនទៅកាន់ ការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកបក្សពួកពាក់ព័ន្ធបន្ថែមទៀត។
សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យា ប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់ បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោក ទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មាន ការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅត្រឹមខែមេសានាពេលខាងមុខនេះ៕

ដោយ៖ វិសាល

