កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ បានចុះធ្វើរដ្ឋបាលចំហរត្រួតពិនិត្យតាមផ្ទះល្វែង ផ្ទះវីឡា និងអគារដែលមានការសង្ស័យលួចប្រព្រឹត្តបទល្មើស Online Scams នៅក្នុងមូលដ្ឋាន ស្រុកពញាក្រែក ។

ក្នុងប្រតិបត្តិការនេះ ធ្វើឡើងក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដោយកម្លាំងចម្រុះរួមមាន កម្លាំងនគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចុះធ្វើរដ្ឋបាលចំហរ ត្រួតពិនិត្យ តាមផ្ទះល្វែង ផ្ទះវីឡា និងតាមអគារ ស្ថិតក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។

បើតាមសមត្ថកិច្ចខេត្តត្បូងឃ្មុំបានឱ្យដឹងថា ជាលទ្ធផលនៃការចុះធ្វើរដ្ឋបាលនេះ សមត្ថកិច្ចបានរកឃើញទីតាំងមួយ ដែលពាក់ព័ន្ធការលួចលាក់ ប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា (Online Scams) និង២ទីតាំងទៀត ជនបរទេសរស់នៅប្រមូលផ្ដុំ ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តនីតិវិធី កំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធបទល្មើស អ្នកដែលមិនជាប់ពាក់ព័ន្ធ និងស្រាវជ្រាវរកទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams បន្តទៀត ៕

ដោយ៖ វិចិត្រ

