ភ្នំពេញ ៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល ដោយបានប្រទះឃើញសពបុរសម្នាក់មានសភាពហើមស្អុយ នៅក្នុងដីឡូត៍មួយកន្លែង ដែលគេទុកចោល កាលពីវេលាម៉ោង ៤ និង ១០នាទីរសៀលថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចក្នុងដីឡូតិ៍ទុកចោលប៊ូយ៉ុង ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។

សពបុរសរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះឡើយ មានអាយុជាង៣០ឆ្នាំ សម្បុរណ្តែកបាយ ស្លៀកខោខូវប៊យ ពណ៍ខ្មៅ មានអាវកីឡាដៃខ្លី ពណ៍លឿងនៅក្បែរ។ សពមានសភាពហើមស្អុយទៅហើយ ។ ជនរងគ្រោះអាចស្លាប់ប្រហែល២ថ្ងៃហើយ។

តាមប្រភពព័ត៍មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ អ្នកដើររកក្តាមប្រទះឃើញសពជនរងគ្រោះ ហើយបានរាយការណ៍ទៅកម្លាំងប្រជាការពារភូមិ ភ្លាមៗនោះក៏បានរាយការណ៍បន្តទៅនគរបាលជំនាញមូលរដ្ឋានចុះទៅយកខ្សែរចងហ៊ុមព័ទ្ធទីតាំងកើតហេតុ កុំឱ្យប្រជាពលរដ្ឋចូល ដើម្បីសមត្ថកិច្ចធ្វើការត្រួតពិនិត្យ។

ប្រភពបានបន្តថា ភ្លាមៗនោះនគរបាលជំនាញមូលដ្ឋានបានចុះទៅដល់បានរាយការណ៍ ទៅនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីពិនិត្យ បន្ទាប់ពីពិនិត្យរួចរាល់ហើយបានបញ្ជក់ថា ជនរងគ្រោះបានស្លាប់ដោយសារគាំងបេះដូង រួចបានដឹកសពយកទៅតម្កល់ទុកនៅវត្តស្វាយមាសក្នុងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រង់ចាំស្រាវជ្រាវរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ វិសាល

