កាកបាទក្រហមកម្ពុជា បន្តចុះសួរសុខទុក្ខ និងចែកអំណោយដល់ ពលរដ្ឋ​ក្រីក្រ រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ចំនួន ១០៤០​គ្រួសារ

ភ្នំពេញ​ ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី អនុប្រធាន​កាកបាទក្រហមកម្ពុជា តំណាង​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០ នេះ បាន​បន្ដ​ចុះ​ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ​មនុស្សធម៌ សម្រាល​ការលំបាក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ចំនួន ១០៤០​គ្រួសារ ដែល​មកពី ៣​សង្កាត់ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ និង​១​សង្កាត់​ក្នុង​ខណ្ឌ​សែន​សុខ​។ ពិធី​នេះ បានធ្វើ​ឡើង​នៅ​ភូមិ​ពុទ្រា សង្កាត់​គោ​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានពាំនាំព្រះរាជបន្ទូលរបស់ ព្រះករុណា ព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេតែងតែមានព្រះរាជហឫទ័យយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរបស់ប្រជានុរាស្ត្រគ្រប់ពេលវេលា។ ទន្ទឹមនឹងនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញេីសួរសុខទុក្ខ បេីថ្វីបេីសម្តេចមិនបានអញ្ជេីញដោយផ្ទាល់ ក៏សម្តេចតែងតែមានមនោសញ្ចេតនាអាណិតអាសូរ ចែករំលែកនូវការលំបាក ការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារអ្នកស្លាប់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរងគ្រោះដោយទឹកជំនន់ ដែលជាគ្រោះធម្មជាតិបង្កឡេីងដោយការប្រែប្រួលអាកាសធាតុ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានគូសបញ្ជាក់ផងដែរថា ថ្នាក់ដឹកនាំ ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុនសែន​ តែងតែនៅរួមសុខរួមទុក្ខជាមួយបងប្អូន និងមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលឡេីយ ទោះនៅក្នុងកាលៈទេសៈណាក៏ដោយ។

ថ្លែងពីវេទិកានាព្រឹកនេះ ក្នុងនាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គទាំងទ្វេតែងតែមានព្រះមេត្តាប្រោសប្រណីដល់ប្រជានុរាស្ត្រ និងប្រោសព្រះរាជទានព្រះរាជូបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ជារៀងរាល់ខែ ត្រីមាស និងក្នុងឱកាសនានាជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ទាំងជាតិ-អន្ដរជាតិ ដែលបានចូលរួមឧបត្ថម្ភ ថវិកា សម្ភារ និងគ្រឿងឧបភោគ-បរិភោគ ជូនដល់កាកបាទក្រហមកម្ពុជា ទាំងទីស្នាក់ការកណ្តាល ទាំងនៅតាមសាខា ដើម្បីជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅទូទាំងរាជធានី-ខេត្ដចំនួន១៩ ដែលរងផលប៉ះពាល់ ដែលនេះបានបង្ហាញពីកម្លាំងសាមគ្គីគ្នា ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ។

ជាមួយគ្នានេះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវសារអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញេីជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទូទាំងប្រទេសដូចខាងក្រោម ៖
១. សូមក្រុមគ្រួសារដែលមានកូនចៅតូចៗ កុំបណ្តែតបណ្តោយឱ្យលេងទឹក ពីព្រោះវាអាចបណ្តាលឱ្យបាត់បង់ជីវិត ដោយសារលង់ទឹកបាន ដូចនេះត្រូវការពារពួកគេឱ្យបានល្អ ជៀសវាងមានវិប្បដិសារីនៅពេលបាត់បង់សមាជិកគ្រួសារដោយសារការធ្វេសប្រហែសនេះ។
២. សូមគិតគូរ និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ និងរក្សាអនាម័យ ព្រោះសុខភាពជាកត្តាចម្បងសម្រាប់យើងគ្រប់គ្នា មានសុខភាពគឺមានអ្វីៗទាំងអស់ បាត់បង់សុខភាពគឺបាត់បង់ក្តីសង្ឃឹម ដូច្នេះសូមគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺដង្កាត់នានា ដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាក្នុងការព្យាបាលជំងឺ។
៣. នៅពេលទឹកស្រក មុនពេលត្រឡប់ទៅរស់នៅលំនៅដ្ឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត មានអនាម័យ និងត្រូវប្រុងប្រយ័ត្នពីសត្វអាសិរពិសដែលវាបានទៅរស់នៅតាមដំបូលផ្ទះឬកន្លែងផ្សេងៗក្នុងផ្ទះរបស់យើង ដែលពួកវាអាចបង្កគ្រោះថ្នាក់ដល់ជីវិត ហេីយសូមបន្តប្រកបរបរចិញ្ចឹមជីវិតដេីម្បីស្តារសេដ្ឋកិច្ចគ្រួសារឡេីងវិញ។
៤. សូមប្រជាពលរដ្ឋទាំងអស់ នាំគ្នាធ្វេីអំពេីល្អ ជួយយកអាសារគ្នា ជួយគ្នាទៅវិញទៅមក ព្រោះថាអំពេីល្អមិនចេះសាបសូន្យទេ។
៥. សូមប្រជាពលរដ្ឋទាំងអស់ រៀនរស់ក្នុងបញ្ហាបម្រែបម្រួលអាកាសធាតុ និងសូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវពាក់ម៉ាស់ លាងដៃនឹងសាប៊ូ និងមានស្មារតីប្រុងប្រយ័ត្នជានិច្ច ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅធម្មតាតាមបែបគន្លងថ្មី។

សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប អំបិល ២គីឡូក្រាម ទឹកបរិសុទ្ធ ១កេស ឃីត ១កញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២) នំប៉័ងផ្អែម ១នំ នំដំឡូងស្រួយ ២កញ្ចប់ និងទឹកបរិសុទ្ធ ១ដប៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២