គណៈកម្មាធិការវិនិយោគកម្ពុជាបើកកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សាលើសំណើរសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ៧គម្រោង ដែលមានទុនវិនិយោគប្រមាណជា ៤៥០លានដុល្លារ

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦នេះបានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយលើកទី៥ ក្នុងឆ្នាំ២០២៦ ដើម្បីពិនិត្យពិភាក្សាលើសំណើរសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជា ៤៥០លានដុល្លារអាម៉េរិក។កិច្ចប្រជុំនេះក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។

បើតាមគណៈកម្មាធិការវិនិយោគកម្ពុជាបានឱ្យដឹងថា គម្រោងវិនិយោគទាំង៧ ដែលមានទុនវិនិយោគសរុបប្រមាណជា ៤៥០លានដុល្លារអាម៉េរិកនេះអាចបង្កើតការងារបានចំនួន ៩០០កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន២គម្រោង៖ រោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ភ, សាងសង់អាងប្រព្រឹត្តកម្ម និងឡចំហាយ, វិស័យកសិ-ឧស្សាហកម្មចំនួន១គម្រោង៖ រោងចក្រចម្រាញ់ប្រេងឆា (ប្រេងកន្ទក់, ប្រេងសណ្តែកសៀង, ប្រេងពោត និងប្រេងអូលីវ) និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន៤គម្រោង៖ អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព២០០មេហ្គាវ៉ាត់, អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០០មេហ្គាវ៉ាត់, អភិវឌ្ឍន៍ស្ថានីយប្រព័ន្ធអាគុយស្តុកទុកថាមពល អានុភាព ៥០០មេហ្គាវ៉ាត់ និងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់។

គម្រោងវិនិយោគទាំង៧ខាងលើនេះ បានបោះទីតាំងនៅខេត្តកំពង់ស្ពឺ ស្ទឹងត្រែង និងពោធិ៍សាត់៕

    

ដោយ៖ វិចិត្រ

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២