ខេត្តកំពង់ចាម ៖ ស្ត្រីមេម៉ាយម្នាក់ ជាថៅកែផ្ទះសំណាក់ «ភូមិច្រណោម» ក្នុងឃុំបុសខ្នុរ ស្រុកចំការលើ ត្រូវបានឃាតករពុំស្គាល់អត្តសញ្ញាណបានវាយសម្លាប់ ។ ក្រោយពេលហេតុការណ៍នេះកើតឡើង កម្លាំងសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនឹងកម្លាំងស្នងការដ្ឋាននគរបាលខេត្តឈានរហូតឃាត់ខ្លួនបានជនសង្ស័យម្នាក់។


សមត្ថកិច្ចមូលដ្ឋានបានប្រាក់ឲ្យដឹងនាល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះថា ស្ត្រីម្ចាស់ផ្ទះសំណាក់ដែលត្រូវបានឃាតកសម្លាប់នោះមានឈ្មោះ សៀង ពៅ អាយុ៥៦ឆ្នាំ មានកូនពីរនាក់ នៅភូមិច្រណោម ឃុំបុសខ្នុរ ស្រុកចំការលើ ដោយសភាពសពដេកស្លាប់ផ្កាប់មុខក្នុងថ្លុកឈាម។
ក្រោយពេលមានហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកចំការលើសហការជាមួយជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានចុះពិនិត្យដោយផ្ទាល់នាយប់ថ្ងៃកើតហេតុ។សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឱ្យដឹងទៀតថា តាមការចុះពិនិត្យគឺអំពើឃាតកម្មនេះបានកើតឡើងនៅយប់ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ២០២៦ នៅក្នុងបរិវេណផ្ទះសំណាក់របស់ជនរងគ្រោះតែម្ដង។
ក្រោមការយកចិត្តទុកដាក់របស់កម្លាំងសមត្ថកិច្ចពិសេស ដោយតាមរយៈកាមេរ៉ាសុវត្ថិភាពបានពិនិត្យមើលឃើញភិនភាគជនសង្ស័យឈ្មោះអ៊ីម បឿនភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិវាលធ្នង់ ដែលមានផ្ទះនៅក្បែរខ្លោងទ្វារវត្តស្ទឹងក្តី ក្នុងភូមិវាលធ្នង់ ឃុំបុសខ្នុរ ដោយទទួលបានបទបញ្ជាពីព្រះរាជអាជ្ញាអមសាលា ដំបូងខេត្ត សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យរូបនេះដល់លំនៅឋាន ដោយធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ។

ដៃរបស់ជនសង្ស័យគឺមានស្នាមរបួស ដែលបានធ្វើការវាយប្រតាយប្រតប់ជាមួយនឹងជនរងគ្រោះ និងបានប្រើកម្លាំងបាយធ្វើឲ្យស្ត្រីជាម្ចាស់ផ្ទះសំណាក់រហូតដល់ស្លាប់បាត់បង់ជីវិត គឺបានវាយត្រូវក្បាល និងផ្ទៃមុខ ហើយបានជិះម៉ូតូគេចខ្លួនទៅសម្ងំនៅផ្ទះរបស់ខ្លួន ធ្វើហាក់បីដូចមិនដឹងរឿងអ្វីកើតឡើង ចំពោះទ្រព្យសម្បត្តិពុំមានបាត់បង់នោះទេ។
សូមបញ្ជាក់ថា ជនសង្ស័យមិនមានប្រពន្ធនោះទេ ចំណែកស្ត្រី ជនរងគ្រោះ ជាស្ត្រីមេម៉ាយ ជាម្ចាស់ផ្ទះសំណាក់គឺមេម៉ាយកូនពីរនាក់ ដោយកូនៗគឺរៀននៅរាជធានីភ្នំពេញឯណោះ។
ផ្អែកតាមវត្ថុតាងពិនិត្យនៅកន្លែងកើតហេតុ និងកាមេរ៉ាសុវត្ថិភាពស៊ីសង្វាក់ឃើញភិនភាគជនសង្ស័យច្បាស់ ទើបឈានដល់ឃាត់ខ្លួនជាបន្ទាន់ ដោយជននេះមិនទាន់បានរត់ចេញពីមូលដ្ឋានរបស់ខ្លួននៅឡើយ។
សមត្ថកិច្ចបានបន្ថែមថា មុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូ១គ្រឿងចេញមកពីចូលរួមកម្មវិធីមង្គលការគេមួយកន្លែងនៅភូមិសាមគ្គីដោយឆ្ពោះមកកាន់ផ្ទះសំណាក់របស់ស្ត្រីរងគ្រោះតែម្ដង ហើយអ្នកទាំងពីរមិនដែលស្គាល់គ្នានោះទេ ។
ជុំវិញករណីខាងលើនេះ គេនៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ដោយសមត្ថកិច្ចកំពុងធ្វើការសួរនាំ និងចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ វិសាល

