ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍ព្រែកថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីហិង្សាដោយចេតនាលើជនរងគ្រោះ (ប្រើកាំបិតប៉័ងតោកាប់បណ្តាលឲ្យរបួស) កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នៅដីឡូត៍ចម្ការផ្កាម្លិះ ក្នុងភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះយាំ សេងលី អាយុ៤០ឆ្នាំ មុខរបរចាំចម្ការ ស្នាក់នៅភូមិកើតហេតុ។ រីឯជនសង្ស័យឈ្មោះខាត់ ឌួក អាយុ២០ឆ្នាំ មុខរបរចាំចម្ការ ស្នាក់នៅភូមិកើតហេតុ។
លោកអធិការបានឲ្យដឹងទៀតថា ៖ មុនពេលកើតហេតុ ជនរងគ្រោះបានប្រើកូនទិញស្រាយកមកផឹក តែកូនពុំព្រមទៅ ជនរងគ្រោះក៏វាយកូន រួចប្រពន្ធចូលទៅឃាត់ ស្រាប់តែជនរងគ្រោះយកដំបងឫស្សីវាយប្រពន្ធត្រូវចំត្រគាកខាងឆ្វេងដួលទៅលើដី។ ឃើញដូច្នេះជនសង្ស័យ(ត្រូវប្អូនថ្លៃជនរងគ្រោះ) សួរថា ម៉េចបងឯងវាយប្រពន្ធកូនគ្មានហេតុផលអ៊ីចឹង? ពេលនោះជនរងគ្រោះក៏យកកូនកាំបិតរត់ទៅចាក់ជនសង្ស័យតែពុំត្រូវ ហើយជនសង្ស័យក៏យកកាំបិតប៉័ងតោកាប់ជនរងគ្រោះត្រូវចំសៀតផ្កាខាងឆ្វេង និងកដៃខាងឆ្វេងបណ្តាលឲ្យរបួស រួចជនសង្ស័យក៏ដើរគេចចេញយកកាំបិតប៉័ងតោចោលទៅក្នុងព្រៃបាត់។ បន្ទាប់មកសមត្ថកិច្ចបានចុះទៅដល់ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅចាត់ការតាមច្បាប់។
ចំណែកជនរងគ្រោះសមត្ថកិច្ចយើងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកច្បារអំពៅ៕


