ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាចូលរួមរៀបចំការតាំងពិព័ណ៌វត្ថុសិល្បៈបុរាណខ្មែរ ក្រោមប្រធានបទ“ អង្គរ និងសិល្បៈខ្មែរបុរាណ “ នៅសារមន្ទីរ Shanxi ប្រទេសចិនរយៈពេល៤ខែ

ដោយទទួលបានគោលការណ៍អនុញ្ញាតពីលោកជំទាវបណ្ឌិតសភាចារ្យ​រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម លី វណ្ណា អនុរដ្ឋលេខាធិការ និងជាតំណាងប្រតិភូ​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំក្រុមការងារជំនាញ ដើម្បីពិនិត្យការរៀបចំដាក់តាំង និង​សម្ពោធពិព័រណ៍វត្ថុសិល្បៈបុរាណខ្មែរ​ ក្រោមប្រធានបទ៖ “ អង្គរ និងសិល្បៈខ្មែរបុរាណ “ ​ (Angkor and the Art of Ancient Khmer) នៅសារមន្ទីរ Shanxi ក្នុងខេត្ត Shanxi នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលកម្មវិធីតាំងពិព័ណ៌នេះមានរយៈពេល៤ខែ។

សកម្មភាពនៃការតាំងពិព័រណ៍នេះ គឺជាផ្សព្វផ្សាយនិងរំលេចនូវភាពរស់រវើកនៃសិល្បៈបុរាណខ្មែរ កាលពីជាងមួយពាន់ឆ្នាំមុន និងជាសក្ខីភាពនៃ​សមិទ្ធិផលដែលកើតចេញពីកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ក្នុងការលើកកម្ពស់ និងផ្សព្វផ្សាយវប្បធម៌ និងអារ្យធម៌ខ្មែរ ដល់ប្រជាពលរដ្ឋចិន ដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយប្រជាជនខ្មែរតាំងពីសម័យបុរាណ តរៀងមក។

នៅក្នុងការតាំងពិព័ណ៌នេះ ​វត្ថុសិល្បៈខ្មែរពិចិត្រៗ​ចំនួន ១៣៦វត្ថុសិល្បៈ មានអាយុកាល​ ចាប់ពីសម័យបុរេប្រវត្តិសាស្រ្ត រហូតដល់សម័យក្រោយអង្គរ​​ ត្រូវបានជ្រើសរើសដោយសម្រិតសម្រាំងពីសមុច្ច័យសារមន្ទីរជាតិកម្ពុជា​ ដើម្បីដាក់តាំងបង្ហាញនៅសារមន្ទីរ​ Shanxi ចាប់ពីខែមិថុនា​​ ដល់ខែតុលា​ ឆ្នាំ២០២៦។​ ពិព័រណ៍នេះទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីអ្នកទស្សនាដ៏ច្រើនកុះករ និងជួយផ្សព្វផ្សាយឲ្យប្រជាជនចិនកាន់តែចង់ទៅទស្សនាប្រាសាទបុរាណខ្មែរថែមទៀត។នេះបើយោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕

      
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២