ភ្នំពេញ ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបជនសង្ស័យចំនួន២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស០៤ករណីផ្សេងគ្នា។


នៅថ្ងៃទី២០,២១ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្រិតធ្ងន់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោកឧត្តសេនីយ៍ទោ ញ៉ុង រស់មេតា ស្នងការរង ទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស០៤ករណី ដូចខាងក្រោម៖
ករណីទី០១៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប្រឆាំងនិងមន្ត្រីរាជការសាធារណៈមានស្ថានទម្ងន់ទោស (ជិះម៉ូតូកាន់ឆ័ត្រអូសតាមផ្លូវ និងពួកគ្នាយកជើងធាក់ម៉ូតូជនរងគ្រោះជាសមត្ថកិច្ច) និងឃាត់ខ្លួនជនសង្ស័យ០៤នាក់ ប្រព្រឹត្តបទល្មើសនៅចំណុចភ្លើងស្តុបវត្តឫស្សីសាញ់ ផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង០៣:៥០នាទី ។

ករណីទី០២ ៖ ហិង្សាដោយចេកនាមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (យកដុំថ្មទុកគប់សងសឹកលើគូទំនាស់) និងឃាត់ខ្លួនជនសង្ស័យ០៨នាក់ ប្រព្រឹត្តបទល្មើសនៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈតេលា ផ្លូវជាតិលេខ៣ ភូមិត្រពាំងគ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង០២:៣០នាទី (ក្រុមក្មេងទំនើងឈ្នោះ ស្រែញុំ(SR))។
ករណីទី០៣៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងឃាត់ខ្លួនជនសង្ស័យ១១នាក់ ប្រព្រឹត្តបទល្មើសនៅចំណុចហាងស៊ុបខ្យង ផ្លូវបេតុង ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០៣:៣៩នាទី និងនៅចំណុចផ្លូវបេតុង ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែ
មិថុនា ឆ្នាំ២០២៦ វេលាម៉ោង០៤:៥២នាទី(ក្រុមក្មេងទំនើងឈ្មោះ បឹងឈូក(BCT) ) ។
ករណីទី០៤៖ រក្សាទុកអាវុធខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យ០១នាក់ (ជនជាតិចិន) ប្រព្រឹត្តបទល្មើសនៅចំណុចផ្ទះលេខ៦២A ផ្លូវR០២ នៅក្នុង (បុរីប៉េងហួត) ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាង កម្លាំងជំនាញព្រហ្មទណ្ឌ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ដោយ៖ ឧត្តម

