ផ្ទះថ្មី២ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនគ្រួសារងាយរងគ្រោះបំផុត ២គ្រួសារ រស់នៅក្នុងស្រុកបរសេដ្ឋ

សមិទ្ធផលផ្ទះថ្មីចំនួន២ខ្នងនៅថ្ងៃនេះ គឺកើតឡើងទៅតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែណែនាំដល់មន្ត្រីក្រោមឱវាទ ពិសេសតាមបណ្តាសាខាទាំងអស់ ត្រូវចុះពិនិត្យនិងស្វះស្វែងរកអ្នកដែលត្រូវការជំនួយជាចាំបាច់បំផុត។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ក្រុមការងារ ដឹកនាំដោយ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ចុះប្រគល់ផ្ទះថ្មីចំនួន ២ខ្នង ជូនដល់គ្រួសារជនងាយរងគ្រោះបំផុតចំនួន ២គ្រួសារ រស់នៅភូមិព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ បញ្ជាក់ ផ្ទះថ្មីទាំង ២ខ្នងនេះ បានសាងសង់រួចរាល់កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ។

នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រុមការងារកាកបាទក្រហមកម្ពុជា បានប្រគល់ផ្ទះថ្មីទាំង២ខ្នងនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូន គ្រួសារទី១៖ លោក ជន ពុត អាយុ ៣៤ឆ្នាំ ជាបុរសពោះម៉ាយ ទទួលបន្ទុកចិញ្ចឹមកូន ២នាក់ និងគ្រួសារទី២៖ លោកយាយ ទន់ ពៅ អាយុ ៦០ឆ្នាំ ជាស្ត្រីម៉េម៉ាយ ចិញ្ចឹមចៅកំព្រា ១នាក់។ ដោយផ្ទះថ្មី ១ខ្នង (ទំហំ ៦ម៉ែត្រ x ៧ម៉ែត្រ) សង់ពីថ្ម ដំបូលស័ង្កសី មានចង្ក្រានបាយ និងបន្ទប់ទឹកក្នុងផ្ទះ ដែលចំណាយថវិកាសាងសង់ចំនួន ៧,៩០០ ដុល្លារអាម៉េរិក។

 

នាឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានពាំនាំនូវព្រះរាជសុវណ្ណីរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងប្រសាសន៍របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សួរសុខទុក្ខ ក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅ ជូនចំពោះម្ចាស់ផ្ទះថ្មីទាំងពីរ និងបានជម្រាបជូនថា សមិទ្ធផលនាថ្ងៃនេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់ និងគិតគូរខ្ពស់ចំពោះជីវភាពរស់នៅរបស់ជនងាយរងគ្រោះបំផុតនៅគ្រប់ទីកន្លែង។

ជាមួយគ្នានេះ លោកជំទាវអគ្គលេខាធិការ ក៏បានផ្តាំផ្ញើ និងក្រើនរំលឹកដល់គ្រួសារទទួលផល ក៏ដូចជាប្រជាពលរដ្ឋទាំងអស់នូវចំណុចសំខាន់ៗ៖

  • សូមរួមគ្នាថែរក្សាមរតកដ៏មានតម្លៃនេះ ឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែងសម្រាប់កូនចៅតទៅមុខ ដោយត្រូវថែទាំផ្ទះឱ្យស្អាតទាំងអនាម័យ និងថែរក្សាបរិស្ថានជុំវិញឱ្យបានស្អាតជាដរាប។
  • សូមត្រូវថែទាំសុខភាពឱ្យបានល្អ តាមរយៈការរស់នៅស្អាត ហូបចុកមានអនាម័យ ផឹកទឹកឆ្អិន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសកុំដុតសំរាមប្លាស្ទិកពាសវាលពាសកាល ជាពិសេសការដុតប្លាស្ទិកបណ្តាលឱ្យមានដែលផ្សែងពុលធ្វើឱ្យប៉ះពាល់ដល់សុខភាព។
  • ត្រូវប្រុងប្រយ័ត្នចំពោះជំងឺមហារីក ទឹកនោមផ្អែម បេះដូងសរសៃឈាម និងជំងឺរលាកផ្លូវដង្ហើមរ៉ាំរៃ ដែលជាបញ្ហាសុខភាពសាធារណៈនាពេលបច្ចុប្បន្ន តាមរយៈការកាត់បន្ថយការបរិភោគផ្អែមពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុង គ្រឿងស្រវឹង និងការជក់បារី ដោយប្រកាន់ខ្ជាប់គោលការណ៍ «ស្រឡាញ់ខ្លួនឱ្យស្ងួនចំណី»។
  • សូមបន្តខិតខំប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដើម្បីទ្រទ្រង់ជីវភាព និងការសិក្សារបស់កូនចៅ ព្រោះប្រទេសជាតិអាចរីកចម្រើនបាន គឺពឹងផ្អែកលើមូលធនមនុស្សដែលមានទាំងចំណេះដឹង និងសុខភាពមាំមួន។

គ្រួសារនីមួយៗទទួលបានសម្ភារសង្កត់ផ្ទះបន្ថែមរួមមាន៖ អង្ករ ១០០គីឡូក្រាម, មី ៥កេស, ត្រីខ ៥០កំប៉ុង, ទឹកស៊ីអ៊ីវ ១២ដប, ទឹកត្រី ១២ដប, ប្រេងឆា ៤ដប, ឆៃប៉ូវ ៥គីឡូក្រាម, ឃីត ២ (សារុង មុង ភួយ ក្រមា), ទឹកក្រូច ២កេស, ទឹកសុទ្ធ ៥កេស, ទឹកដោះគោប្រអប់ ២កេស, សាប៊ូកក់សក់ ៥ដប, សាប៊ូដុសខ្លួន ៥ដប, ម្សៅសាប៊ូ ១ធុង, សាប៊ូលាងចាន ៥ដប, សាប៊ូទឹកលាងដៃ ៥ដប, សម្ភារផ្ទះបាយ ១ឈុតធំ និងថវិកាបន្ថែមចំនួន ៥០ម៉ឺនរៀល។

ក្រោយទទួលបានផ្ទះថ្មី សម្ភារសង្កត់ផ្ទះ រួមជាមួយថវិកាឧបត្ថម្ភ គ្រួសារទាំងពីរបានសម្ដែងនូវអារម្មណ៍រំភើបត្រេកអរជាខ្លាំងស្ទើរស្រក់ទឹកភ្នែក រកអ្វីប្រៀបពុំបាន និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់សំណាង និងវាសនាបានផ្ទះថ្មីរស់នៅសមរម្យ ដែលពួកគាត់មិនធ្លាប់នឹកស្មានដល់ក្នុងមួយជីវិតនេះ។

 

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនោះដែរ លោកជំទាវ ពុំ ចន្ទីនី និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ព្រមទាំងគណៈប្រតិភូ ក៏បានសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជួយសម្រាលការលំបាកដល់ជនងាយរងគ្រោះបំផុតចំនួន ២៣គ្រួសារ រស់នៅភូមិព្រៃស្រឡែង ដែលបានចូលរួមធ្វើជាសាក្សីក្នុងពិធីនេះផងដែរ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ២កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ប្រេងឆា ១ដប និងថវិកាចំនួន ២ ម៉ឺនរៀល។នេះបើយោងតាមកាកបាទក្រហមកម្ពុជា៕

   
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២