ប្រទេសចិន និងរុស្ស៊ីនឹងធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាប្រចាំឆ្នាំ នៅសប្តាហ៍ខាងមុខនេះ

កងទ័ពជើងទឹកចិន និងរុស្ស៊ីនឹងធ្វើសមយុទ្ធរួមគ្នានៅក្នុងដែនទឹក និងដែនអាកាសនៅឯនាយឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសចិននៅសប្តាហ៍ខាងមុខនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ក្រសួងការពារជាតិចិនបាននិយាយថា សមយុទ្ធប្រចាំឆ្នាំនៅឯកំពង់ផែសំខាន់ Qingdao នឹងត្រូវបានបន្តដោយការល្បាតដែនសមុទ្ររួមគ្នានៅក្នុងតំបន់ដែលមិនបានបញ្ជាក់នៃមហាសមុទ្រប៉ាស៊ីហ្វិក។

ដោយឡែកពីគ្នា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីបានរាយការណ៍ថា នាវាចម្បាំងមួយគ្រឿង នាវាចម្បាំងប្រភេទ Corvette មួយគ្រឿង នាវាមុជទឹកប្រើប្រេងម៉ាស៊ូត-អគ្គិសនីមួយគ្រឿង និងនាវាជួយសង្គ្រោះមួយគ្រឿងមកពីកងនាវាប៉ាស៊ីហ្វិករបស់រុស្ស៊ីបានមកដល់ទីក្រុង Qingdao សម្រាប់សមយុទ្ធដែលគ្រោងនឹងដំណើរការចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី 13 ខែកក្កដានេះ។

 

បញ្ជាការកងទ័ពជើងទឹកភាគខាងជើងរបស់ប្រទេសចិនបាននិយាយថា កងកម្លាំងដែលចូលរួមរបស់ខ្លួនរួមមាននាវាពិឃាតពីរគ្រឿង នាវាចម្បាំងប្រភេទ Frigate មួយគ្រឿង នាវាមុជទឹកមួយគ្រឿង នាវាផ្គត់ផ្គង់មួយគ្រឿង និងនាវាជួយសង្គ្រោះមួយ។ កងទ័ពជើងទឹកទាំងពីរត្រូវបានគេរំពឹងថា នឹងធ្វើសមយុទ្ធឈ្លបយកការណ៍ ការពារដែនអាកាស និងមីស៊ីល និងសមយុទ្ធវាយប្រហារលើផ្ទៃដី។ សមយុទ្ធនេះបានកើតឡើងប្រហែលពីរខែបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទៅកាន់ប្រទេសចិន នៅអំឡុងពេលដែលលោកបានពិពណ៌នាអំពីទំនាក់ទំនងទ្វេភាគីថា បានឈានដល់ “កម្រិតខ្ពស់មិនធ្លាប់មានពីមុនមក”។

 

សម្រាប់លោកប្រធានាធិបតីចិន លោក Xi Jinping វិញបានហៅភាពជាដៃគូរបស់ប្រទេសទាំងពីរថា “មិនប្រែប្រួល”។ ដៃគូការទូត និងសេដ្ឋកិច្ចសំខាន់ៗនៃប្រទេសទាំងពីរបានធ្វើសមយុទ្ធសមុទ្ររួមគ្នាចាប់តាំងពីឆ្នាំ 2012។ សមយុទ្ធកាលពីឆ្នាំមុនបានធ្វើឡើងនៅជិតកំពង់ផែ Vladivostok របស់រុស្ស៊ី ហើយក៏ត្រូវបានបន្តដោយការល្បាតរួមគ្នានៅប៉ាស៊ីហ្វិកផងដែរ។ ប្រទេសចិនមិនដែលថ្កោលទោសការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីទៅលើប្រទេសជិតខាងអ៊ុយក្រែននោះទេ។ ប្រទេសចិនទទូចថាខ្លួនជាភាគីអព្យាក្រឹត ហើយតែងតែអំពាវនាវឱ្យមានកិច្ចចរចាសន្តិភាព៕

   

ប្រភព៖ Al Jazeera

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២